មនុស្ស៣៣នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី១០ ខែមេសា ម្សិលមិញ


 (ភ្នំពេញ)៖  តាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ ឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមេសា នេះថា យ៉ាងហោចណាស់មានជនសង្ស័យ៣៣នាក់ ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើស ព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ម្សិលមិញនេះ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង៣៣នាក់នោះ មាន ១១នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទ ល្មើសព្រហ្មទណ្ឌ១១ករណី និងជនសង្ស័យ ២២នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសគ្រឿងញៀន ០៧ករណី។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំង សមត្ថកិច្ចទាំង អស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយ ការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយ ការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕