ថៃ មាន មនុស្ស ២២,៣៨៧នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១០៥នាក់ស្លាប់ ក្នុងរបាយការណ៍ ថ្ងៃចន្ទនេះ

 (បាងកក)៖  តាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post បានអោយដឹងថា ក្រសួង សុខាភិបាលថៃ នៅថ្ងៃចន្ទ ទី១១ ខែមេសា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណី ឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២២,៣៨៧ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ នេះ។ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ២២,៣០០ករណីជាករណីឆ្លងក្នុងសហគមន៍ និង ៨៧ករណីទៀតជាករណីនាំចូល។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ១០៥ នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ២៧,៦៨០នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយ ជាសះស្បើយ។

សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុប នៅទូទាំងប្រទេសចំនួន ៣,៩០៥,៨៧២ករណី ក្នុងនោះមានអ្នកស្លាប់ ២៦,១៨៨នាក់ និងអ្នកជា សះស្បើយឡើងវិញគឺ ៣.៦៣លាននាក់។ គិតត្រឹមពេលនេះ ប្រទេសថៃត្រូវគេគណនាថា បានចាក់ វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ១៣០លានដូស ក្នុងនោះប្រជាជនជាង ៥០.៣៦លាន នាក់ (៧២.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ២៤.៣៣លាននាក់ (៣៤.៩%) បានចាក់ដូសជំរុញ៕