ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ ជាមួយក្រសួងសាធារណការ និង ដឹកជញ្ជូន គ្រោងបើកផ្លូវ២ខ្សែនៅអមសងខាងផ្លូវរថភ្លើង ដើម្បីរំដោះចរាចរណ៍ ផ្លូវសហព័ន្ធរុស្ស៊ី ខណៈដែលសហព័ន្ធរុស្ស៊ីបាននិងកំពុងជួបបញ្ហាកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ។ដើ
ដើម្បីជំរុញឲ្យគម្រោងការស្ថាបនាផ្លូវ២ខ្សែនេះ ទទួលបានជោគជ័យ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួងស្រេងនិងឯ.ឧ ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន កាលពីរសៀលថ្ងៃទី១១ខែធ្នូឆ្នាំ២០១៩ បានអញ្ជើញជិះរថភ្លើងចុះទៅពិនិត្យដោយផ្ទាល់ តាមបណ្តោយផ្លូវរថភ្លើង ចាប់ពីស្ថានីយ៍រាជាយស្ម័យាន មុខសត្យមុនីចេតីយ៍ រហូតទៅដល់ផ្លូវកប់ស្រូវ (មហាវិថីឈ្នះឈ្នះ)។
ក្នុងដំណើរចុះពិនិត្យនោះ លោក ឃួង ស្រេង បានបញ្ជាក់ថា ក្នុងគម្រោងនៃការស្ថាបនាផ្លូវ២ខ្សែនេះ គឺមិនអាចផ្ដាច់បានជាមួយនឹងការស្ថាបនាផ្លូវរថភ្លើងនោះទេ ដោយសារថា ផ្លូវរថភ្លើងមានសារៈសំខាន់ខ្លាំង សម្រាប់សេដ្ឋកិច្ចកម្ពុជា ព្រោះការដឹកជញ្ជូនតាមរថភ្លើងមានតម្លៃថោកហើយវាក៏មិនធ្វើឲ្យខូចផ្លូវជាតិផងដែរ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីឯ.ឧអភិបាលមិនបានបញ្ជាក់ពីគម្រោងនេះថា នឹងចាប់ផ្ដើមបើកការដ្ឋាននៅពេលណានៅឡើយទេ ដោយគ្រាន់តែចុះធ្វើការត្រួតពិនិត្យ ដើម្បីធ្វើការសិក្សាទៅលើផលប៉ះពាល់ របស់ប្រជាពលរដ្ឋនៅតំបន់សងខាងផ្លូវរថភ្លើងនេះប៉ុណ្ណោះ។
ចំណែក លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ឱ្យដឹងថា ការចុះពិនិត្យនេះ ដើម្បីពិនិត្យ លទ្ធភាព ក្នុងការសាងសង់ផ្លូវមេតុងអាមេអមសងខាងផ្លូវរថភ្លើងចាប់ពីចំណុចមហាវិថី គឹម អ៊ីលស៊ុង ដល់វិថីឈ្នះឈ្នះ (ហៅផ្លូវទំនប់កប់ស្រូវ ) តភ្ជាប់ទៅផ្លូវល្បឿនលឿន រាជធានីភ្នំ ពេញ–ខេត្តព្រះសីហនុដើម្បីរំដោះការកកស្ទះចរាចរណ៍នាពេលបច្ចុប្បន្ន នៅលើផ្លូវសហព័ន្ធ រុស្សី ក៏ដូចជាដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងសម្រួលដល់ការដឹកទំនិញឆ្លងកាត់ចូលក្នុងរាជធានីភ្នំពេញផងដែរ។
លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រសួងសាធារណការនិងដឹកជញ្ជូននឹងសហការជាមួយសាលារាជធានីភ្នំពេញនិងក្រុមហ៊ុនរាជាយស្ម័យយានកម្ពុជាធ្វើការសិក្សាលទ្ធភាពនិងផលប៉ះពាល់កំណាត់ ផ្លូវនេះដើម្បើលើកសំណើដាក់ជូនរាជរដ្ឋាភិបាលពិនិត្យសម្រេចនិងស្វែងរកថវិកាសាងសង់។
គួរបញ្ជាក់ផងដែរថា ផ្លូវសម្រាប់យានយន្តនៅសងខាងបណ្តោយផ្លូវរថភ្លើងនេះ ត្រូវបានស្ថាបនាឡើងដោយកន្លែង ពោលគឺកន្លែងខ្លះ ត្រូវបានស្ថាបនាជាបណ្តោះអាសន្នរួច ដែលមានទទឹងពី៥ម៉ែត្រទៅ៧ម៉ែត្រ ហើយក្នុងនោះកន្លែងខ្លះ ក៏មិនទាន់មានការសាងសង់ផ្លូវដែរ ដោយនៅជាផ្លូវដី និងកន្លែងខ្លះប្រជាពលរដ្ឋរស់នៅផងដែរ៕