(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិ ជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ជួបពិភាក្សាការងារជាមួយលោក Phil Twyford អនុរដ្ឋមន្ត្រីពាណិជ្ជកម្ម និងនាំចេញ នៃប្រទេសនូវែលសេឡង់ និងសហការី តាមប្រព័ន្ធវីដេអូ។
ឯកឧត្តម រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម អនុរដ្ឋមន្ត្រី និង សហការី ព្រមទាំងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលនូវែលសេឡង់ ដែលបានផ្តល់ការគាំទ្រយ៉ាង ពេញទំហឹងដល់កម្ពុជា ក្នុងឱកាសកម្ពុជាធ្វើជាប្រធានអាស៊ានឆ្លាស់វេនឆ្នាំ២០២២។
ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ និងពិភាក្សាលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ វិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្មក្រោមក្របខណ្ឌតំបន់។ ក្នុងនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ ក្នុងនាមជា ប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន បានជម្រាបជូនអំពីវឌ្ឍនភាពនៃការចរចាលើការធ្វើ ឱ្យប្រសើរឡើង នៃកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ (AANZFTA Upgrade) ដែលជាសមិទ្ធផលអាទិភាពសេដ្ឋកិច្ច (Priority Economic Deliverable) មួយក្នុងចំណោមសមិទ្ធផលអាទិភាពសេដ្ឋកិច្ចដទៃទៀតរបស់កម្ពុជា សម្រាប់ឆ្នាំ២០២២ ដែលស្ថិត ក្រោមគោលដៅយុទ្ធសាស្ត្រគន្លឹះទី៤ ស្តីពីសាកលភាវូបនីយកម្មអាស៊ានដើម្បីភាពរីកចម្រើន និងអភិវឌ្ឍន៍។
បន្ថែមពីលើនេះ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានលើកឡើងពីការជំរុញ និងពន្លឿនការចរចាលើបញ្ហាដែល នៅសេសសល់ ដើម្បីបញ្ចប់ការចរចា ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀងតំបន់ ពាណិជ្ជកម្មសេរី AANZFTA ឱ្យស្របតាមពេលវេលាកំណត់ ក្នុងឆ្នាំ២០២២។ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានបានជម្រាបផងដែរអំពីវឌ្ឍនភាពនៃដំណើរការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយតំបន់ (RCEP) របស់រដ្ឋសមាជិកអាស៊ានដែលកំពុងបំពេញនីតិវិធីក្នុងស្រុក ដើម្បីឱ្យកិច្ចព្រម ព្រៀងនេះ អាចចូលជាធរមានបានពេញលេញ ដែលការចូលជាធរមាននេះ គឺជាសមិទ្ធផលអាទិភាព សេដ្ឋកិច្ចមួយក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា សម្រាប់ឆ្នាំ២០២២នេះផងដែរ។
ជាការឆ្លើយតប ឯកឧត្តម អនុរដ្ឋមន្ត្រីពាណិជ្ជកម្ម និងនាំចេញ នៃប្រទេសនូវែលសេឡង់ បានបង្ហាញ ការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលអាទិភាពសេដ្ឋកិច្ចកម្ពុជាដែលបានស្នើឡើង និងបានឆ្លុះបញ្ចាំងអំពីការឆ្លើយតបទៅនឹងការវិវត្តសកល ហើយចាត់ទុកការបញ្ចប់ការចរចាធ្វើឱ្យប្រ សើរឡើងនៃកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរី AANZFTA ជាកិច្ចការអាទិភាពសម្រាប់កិច្ចសហ ប្រតិបត្តិការរវាងអាស៊ាន និងភាគីហត្ថលេខី ក្នុងឆ្នាំ២០២២។
ទន្ទឹមនឹងនេះ ឯកឧត្តម អនុរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការបន្តគាំទ្ររបស់នូវែលសេឡង់ចំពោះកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្លាស់វេនឆ្នាំ២០២២ និងប្តេជ្ញាបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា សំដៅអាចសម្រេចបាននូវសមិទ្ធផលអាទិភាពកម្ពុជាប្រកបដោយជោគជ័យ ដើម្បីកសាងសហគមន៍ អាស៊ាន និងការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់រឹងមាំ។
មុននឹងបញ្ចប់កិច្ចពិភាក្សា ភាគីទាំងពីរបានប្តេជ្ញាចិត្តបន្តជំរុញវិស័យពាណិជ្ជកម្មទ្វេភាគី និងជំរុញ កំណើនវិនិយោគឱ្យកាន់តែច្រើនបន្ថែមទៀតក្នុងន័យដើម្បីខិតខំប្រឹងប្រែងស្តារឡើងវិញលើគ្រប់វិស័យក្រោយវិបត្តិនៃជំងឺកូវីដ-១៩៕