(ក្រុងឡុងដ៍)៖ ប្រភពមួយចំនួនបានឱ្យដឹងនៅថ្ងៃពុធថា ក្រុមប្រទេស OPEC+ ដែលរួមមានរុស្ស៊ី ផងដែរនោះទំនងជានឹងប្រកាន់ខ្ជាប់ទៅនឹងកិច្ចព្រមព្រៀងដែលមានស្រាប់របស់ខ្លួនក្នុងការបង្កើនផលិតកម្មប្រេងសន្សឹមៗ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ប្រភពទាំងនេះដែលបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានចូលរួមកិច្ចប្រជុំគណៈកម្មាធិការបច្ចេកទេសរួមដែលផ្តល់យោបល់ដល់ក្រុមប្រទេស OPEC+ អំពីមូលដ្ឋាន គ្រឹះទីផ្សារ។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពេញលេញនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍នេះ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានមួយរបស់អង្គកា OPEC ថា លោក Mohammad Barkindo អគ្គលេខាធិការរបស់អង្គការ OPEC ក៏បានលើកទឹក ចិត្តប្រទេសជាសមាជិករបស់ក្រុមប្រទេស OPEC + «ឱ្យបន្តដំណើរទៅមុខ» ទាក់ទងនឹងការ សម្រេចចិត្តរបស់ក្រុមនេះផងដែរ។ លោក Barkindo ក៏បាននិយាយផងដែរថា សមាជិក OPEC + គួរតែរក្សា «ការប្រុងប្រយ័ត្ននិងយកចិត្តទុកដាក់ចំពោះស្ថានភាពទីផ្សារដែលផ្លាស់ប្តូរជានិច្ច»។
ប្រភពមួយចំនួនដែលដឹងឮអំពីការពិភាក្សានេះបានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រុមប្រទេស OPEC + ទំនងជានឹងប្រកាន់ខ្ជាប់ទៅនឹងផែនការដំឡើងទិន្នផលប្រេងតិចតួចនេះដដែលសម្រាប់ ខែឧសភា បើទោះជាតម្លៃកើនឡើងដោយសារវិបត្តិនៅអ៊ុយក្រែន និងមានការអំពាវនាវពីសហ រដ្ឋអាមេរិក និងប្រទេសផ្សេងទៀតឱ្យបង្កើនការផ្គត់ផ្គង់ប្រេងក៏ដោយ។
ក្រុមប្រទេស OPEC + បានបង្កើនទិសដៅទិន្នផល ៤០ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ (bpd) រៀងរាល់ ខែចាប់តាំងពីខែសីហា ឆ្នាំ២០២១ ហើយចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំនេះទៅ ការដំឡើងទិន្នផល ប្រេងនេះនឹងកើនឡើងបន្តិចដល់ ៤៣២.០០០ បារែល៕