វៀតណាមចេញដីកាចាប់ខ្លួនមហាសេដ្ឋីវៀតណាម ពីបទគ្រប់គ្រងចាត់ចែងទីផ្សារភាគហ៊ុន


(ហាណូយ)៖ អាជ្ញាធរវៀតណាមបានចេញដីកាចាប់ខ្លួនបុរសដែលជាអ្នកមានបំផុតម្នាក់របស់ប្រទេសនេះ ជុំវិញការចោទប្រកាន់ថា មហាសេដ្ឋីរូបនេះបានគ្រប់គ្រងចាត់ចែងទីផ្សារភាគហ៊ុន (Market manipulation)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuter ចេញផ្សាយ។

លោក Trinh Van Quyet ដែលជាម្ចាស់ក្រុមហ៊ុនដ៏ធំ FLC ដែលគ្រប់គ្រងរមណីយដ្ឋានប្រណីត ទីលានវាយកូនហ្គោល និងក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways គឺជាអ្នកមានបំផុតម្នាក់ក្នុង ប្រទេសកុម្មុយនីស្តមួយនេះ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ ដោយដកស្រង់សេចក្តី ប្រកាសព័ត៌មានរបស់ក្រសួងសន្តិសុខសាធារណៈវៀតណាមថា ដីកាចាប់ខ្លួនមហាសេដ្ឋីអាយុ ៤៦ ឆ្នាំរូបនេះ ត្រូវបានចេញកាលពីល្ងាចថ្ងៃអង្គារដោយចោទប្រកាន់ថា លោកកំពុង «គ្រប់គ្រងចាត់ ចែងទីផ្សារភាគហ៊ុន និងលាក់ព័ត៌មាននៅក្នុងសកម្មភាពភាគហ៊ុនកាលពីថ្ងៃទី១០ ខែមករា ដែល បណ្តាលឱ្យវិនិយោគិនខាតបង់យ៉ាងធ្ងន់ធ្ងរ និងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សកម្មភាពទីផ្សារភាគ ហ៊ុនវៀតណាម»។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបានឱ្យដឹងដោយមិនផ្តល់ព័ត៌មានលម្អិតថា ក្រុមមន្រ្តីបានចាប់ផ្តើមឆែកឆេរទីតាំងចំនួន២១ ទីតាំងដើម្បីស្វែងរកភស្តុតាង រួមទាំងផ្ទះ និងការិ យាល័យរបស់លោកផងដែរ។

លោក Quyet បានបង្កើតក្រុមហ៊ុនអាកាសចរណ៍ Bamboo Airways ក្នុងឆ្នាំ២០១៨ ដោយ វិនិយោគប្រាក់រាប់ពាន់លានទៅលើតំបន់អាស៊ីអាគ្នេយ៍ ដែលមានទីផ្សារអាកាសចរណ៍ចង្អៀត ហើយនោះ។

ទោះបីជាមានការងឿងឆ្ងល់អំពីថា តើក្រុមហ៊ុនអាកាសចរណ៍នេះអាចជោគជ័យឬយ៉ាងណានោះ លោក Quyet បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ក្នុងឆ្នាំ២០១៨ ថា ក្រុមហ៊ុនរបស់គាត់នឹង «ធំ» ដោយនឹងអាចទទួលបានប្រាក់ចំណេញច្រើន។

ក្រុមហ៊ុននេះបានពង្រីកខ្លួនយ៉ាងខ្លាំងបន្ទាប់ពីចាប់ផ្តើមការហោះហើរលើកដំបូងរបស់ខ្លួន នៅដើមឆ្នាំ ២០១៩ ហើយមានបំណងហោះហើរទៅកាន់គោលដៅអន្តរជាតិចំនួន៤០ នៅដើមឆ្នាំនេះ។

ក្រុមហ៊ុនអាកាសចរណ៍នេះមានចំណែកជិត ២០ភាគរយនៃទីផ្សារអាកាសចរណ៍របស់ប្រទេស វៀតណាម ដោយស្ថិតក្រោមតែក្រុមហ៊ុនអាកាសចរណ៍ជាតិ Vietnam Airlines និងក្រុមហ៊ុន អាកាសចរណ៍តម្លៃទាប Vietjet ប៉ុណ្ណោះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕