(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសប្រកាន់ជំហរប្រឆាំងដាច់ខាតចំពោះប្រទេសណាក៏ដោយ ដែលប្រើប្រាស់កម្លាំងយោធាដើម្បីឈ្លានពានប្រទេសដទៃ។ ការប្រកាសរបស់ សម្តេចបានធ្វើឡើងក្នុងពិធីសម្ពោធដាក់ដំណើរការជាផ្លូវការនូវអគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នៅមន្ទីរពេទ្យព្រះអង្គឌួង នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ។
មុននឹងការប្រកាសប្រកាន់ជំហរម្តងទៀតនេះ មានការវិភាគថា មូលហេតុដែលកម្ពុជាចូលរួមជាប្រទេសសហស្ថាបនិក នៃសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពិសេសបន្ទាន់ របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីស្ថានការណ៍ នៅប្រទេសអ៊ុយក្រែន ព្រមទាំងស្ថិតនៅក្នុងចំណោម១៤១ប្រទេស ដែលបានបោះឆ្នោតថ្កោលទោស និងទាមទារឱ្យរុស្ស៉ីដកកងទ័ពចេញពីអ៊ុយក្រែន។
អ្នកវិភាគរូបនោះបានលើកហេតុផល៤ ជុំវិញការបោះឆ្នោតរបស់កម្ពុជា ប្រឆាំងនឹងការឈ្លានពានរុស្ស៉ី ដោយក្នុងនោះមាន កម្ពុជាមិនទាន់មាននាវាមុជទឹក, កម្ពុជាមិនទាន់មានយន្តហោះមិច សម្រាប់ទម្លាក់គ្រាប់បែក, កម្ពុជាមិនទាន់មានកាតព្វកិច្ចយោធា និងកម្ពុជាសម្បូរឧត្តមសេនីយ៍ក្បាលពោះធំជាដើម។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការវិភាគនោះធ្វើឱ្យមានការភាន់ច្រឡំចំពោះជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដោយសម្តេចបានអះអាងថា សំឡេងតំណាងឱ្យជំហរនយោបាយការបរទេសរបស់កម្ពុជា គឺមានតែ ព្រះមហាក្សត្រ សម្តេចតេជោខ្លួន និងក្រសួងការបរទេសប៉ុណ្ណោះ ចំណែកសំឡេងផ្សេងក្រៅពីនេះ គ្រាន់តែជាអ្នកសិក្សា ឬអ្នកស្រាវជ្រាវម្នាក់ប៉ុណ្ណោះ។
សម្តេចបានបញ្ជាាក់ដូច្នេះថា «អ្នកដែលមានសិទ្ធិនិយាយជាផ្លូវការបាន សម្រាប់នយោបាយការបរទេស តំណាងឱ្យកម្ពុជា គឺក្រៅពីព្រះមហាក្សត្រ គឺមាននាយករដ្ឋមន្រ្តី និងមានក្រសួងការបរទេស ជាផ្លូវការ មិនអាចយកនរណាផ្សេងមកធ្វើអត្ថាធិប្បាយយជំនួសគោលជំហរបានទេ»។
សម្តេចបានបញ្ជាក់បន្ថែមថា «បើដូច្នេះប្រសិនបើកម្ពុជាមានអាវុធ តើកម្ពុជានឹងបោះឆ្នោតគាំទ្ររុស្ស៉ីឬ?»។ សម្តេចបញ្ជក់ថា «កម្ពុជាប្រកាន់ជំហរជាគោលការណ៍ មិនថាតែរុស្ស៉ីទេ ប្រទេសណាក៏ដោយ ដែលឈ្លានពានប្រទេសមួយទៀត កម្ពុជាប្រឆាំងជានិច្ច»។
សម្តេចបានបញ្ជាក់ថា រុស្ស៉ីជាមិត្តរបស់កម្ពុជា និងធ្លាប់ជួយកម្ពុជា។ ក៏ប៉ុន្តែរុស្ស៉ីបានឈ្លានពានអ៊ុយក្រែន មិនមែនត្រឹមតែជួយសាធារណរដ្ឋដូហាន និងដុនបាសប៉ុណ្ណោះទេ តែបានវាយទៅដល់ទីក្រុងកៀវ។ សម្តេចបញ្ជាក់ថា៖ «សកម្មភាពឈ្លានពាននេះ កម្ពុជាមិនអាចទទួលយកបាន ហើយក៏មិនអាចអព្យាក្រិតបានទេ ថ្ងៃក្រោយបើសិនជាប្រទេសមួយធ្វើឥរិយាបទបែបនេះ មកលើកម្ពុជា តើកម្ពុជាត្រូវទៅពឹងពាក់នរណា យើងអនុវត្តនយោបាយការបរទេសផ្អែកលើច្បាប់ ផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ មិនអនុវត្តអនុវត្តនយោបាយការបរទេសផ្អែកលើកម្លាំងទេ»។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការអត្ថាធិប្បាយខាងលើនេះស្មើនឹងមានន័យថា កម្ពុជានឹងផ្លាស់ប្តូរជំហរប្រឆាំងរុស្ស៉ី ហើយគាំទ្រ។ សម្តេចស្នើអ្នកអត្ថាធិប្បាយទាំងឡាយ មានការប្រុងប្រយ័ត្ន ចំពោះការធ្វើអត្ថាធិប្បាយបែបនេះ។
សម្តេចបានលើកឡើងថា«ជំហរផ្លូវការរបស់យើងគឺយើងប្រឆាំងដាច់ខាតជាមួយនឹងការប្រើប្រាស់កម្លាំង ឬការគរាមប្រើប្រាស់កម្លាំងប្រឆាំងនឹងប្រទេសមួយផ្សេងទៀត ក្នុងទនាក់ទំនងអន្តរជាតិ យើងត្រូវតែគោរពឯករាជ្យ និងអធិបតេយ្យ ប្រទេសនានា។ ការគោរពឯករាជ្យ និងអធិបតេយ្យអ៊ុយក្រែន ស្មើនឹងការគោរពឯករាជ្យ និងអធិបតេយ្យកម្ពុជាដូចគ្នា»។
សម្តេចបានបញ្ជាក់ថា ទោះបីជាកម្ពុជាប្រទេសកម្ពុជា ជាប្រទេសមហាអំណាចយោធាលើពិភពលោ ក៏កម្ពុជាមិនប្រើប្រាស់កម្លាំង ដើម្បីធ្វើការឈ្លានពានប្រទេសដទៃនោះឡើយ៕