មនុស្ស​៥​នាក់​ស្លាប់ ​និង​៨​នាក់​បាត់​ខ្លួន ក្នុងករណី​ផ្ទុះ​ភ្នំភ្លើង​នៅ​នូ​វែ​ល​សេ​ឡង់ ​ ​

ណូ​វែ​ល​ហ្សេ​ឡង់ ៖ មនុស្ស​ ៥​ត្រូវបាន​សម្លាប់​នៅពេលដែល​ភ្នំភ្លើង White Island របស់​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់​បាន​ផ្ទុះឡើង​ភ្លាមៗ​កាលពី​ថ្ងៃ​ចន្ទ​ដោយ​ជំរុញ​ឲ្យ​អាជ្ញាធរ​ប្រញាប់ប្រញាល់​ព្យាបាល​អ្នករងរបួស​និង​ស្វែងរក​អ្នក​ដែល​បាត់​ខ្លួន​។ ប៉ូលិស​ណូ​វែ​ល​ហ្សេ​ឡង់​បាន​និយាយថា​អ្នកស្លាប់​ទំនង​ជាមាន​ច្រើន​។​

​ស្របពេល​ជាមួយគ្នា​នោះ លោកស្រី​នាយករដ្ឋមន្ត្រី Jacinda Ardern បាន​ឲ្យ​ដឹងថា ភ្នំភ្លើង​នេះ​ឬ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​មួយ​ទៀតថា Whakaari នៅ​ឆ្នេរសមុទ្រ​ភាគ​ខាងជើង​ប្រទេស​ណូ​វែ​ល​ហ្សេ​ឡង់​បាន​ផ្ទុះឡើង​ខណៈដែល​ក្រុម​ភ្ញៀវទេសចរ​កំពុង​មក​ទស្សនា​។​

​លោកស្រី​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ទីក្រុង Wellington ថា “​មនុស្ស​ជាច្រើន​កំពុង​បាត់​ខ្លួន​”​។ ប៉ូលិស​បាន​និយាយថា ការផ្ទុះ​នេះ​បានកើត​ឡើង​នៅ​ម៉ោង​ប្រហែលជា​២​និង​១១​នាទី​រសៀល (​ម៉ោង​ក្នុងស្រុក​) ហើយ​មាន​មនុស្ស​ប្រហែល​៥០​នាក់​នៅក្បែរនោះ​។ អង្គការ St John Ambulance បាន​និយាយថា មាន​មនុស្ស​រហូតដល់​ទៅ​២០​នាក់​ដែល​ត្រូវបាន​គេ​ជឿថា​រងរបួស​ប៉ុន្តែ​ក្រុមគ្រូពេទ្យ​មិនទាន់​បញ្ចេញ​តួលេខ​លម្អិត​នៅឡើយ​ទេ​។​

​លោកស្រី Judy Turner អភិបាលក្រុង Whakatane បាន​ប្រាប់ AFP ថា “​សេវា​សង្គ្រោះបន្ទាន់​កំពុង​ព្យាយាម​យ៉ាងខ្លាំង​ដើម្បី​នាំ​មនុស្ស​ចេញពី​កោះ​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​”​។ ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះអាសន្ន​ជាតិ​របស់​ប្រទេស​បានចាត់ទុក​ការផ្ទុះ​នេះ​ថា​ជា​កម្រិត​មធ្យម​បើទោះបី​ជាមាន​ផេះ​ដ៏​ក្រាស់​អាច​ត្រូវបាន​គេ​មើលឃើញ​ក្នុង​ចម្ងាយ​រាប់សិប​គីឡូម៉ែត្រ​ក៏ដោយ​។​

​ឧទ្ធម្ភាគចក្រ​និង​យន្តហោះ​ជាច្រើន​គ្រឿង​ត្រូវបាន​គេ​មើលឃើញ​នៅក្នុង​តំបន់​នោះ​ហើយ​អ្នក​នៅ​រស់រានមានជីវិត​មួយចំនួន​ត្រូវបាន​នាំ​ចេញពី​កោះ​នេះ​តាម​ទូក​ទេសចរណ៍​៕