ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុតម្លៃជាង១ពាន់លានដុល្លារសម្រេចបានជាង៧ភាគរយហើយ

ភ្នំពេញ ៖ មកដល់ត្រឹមខែធ្នូ ឆ្នាំ២០១៩នេះ ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជានោះ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ សម្រេចបាន ៧,៣០% ហើយ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២២។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន។

កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងព្រះសីហនុ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងភាគីពាក់ព័ន្ធ។

គម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងប្រមាណ ១៩០,០៣៥ គីឡូម៉ែត្រ និងគ្រោងប្រើប្រាស់ថវិកាវិនិយោគ ប្រមាណ ២ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ រហូតមកដល់ពេលនេះដំណើរការសាងសង់សម្រេចបាន ៧,៣០% ហើយគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៩។ ផ្លូវនេះតភ្ជាប់ពី ភូមិ ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍ សែន ជ័យ រាជធានីភ្នំពេញ ដល់ក្រុងព្រះសីហនុ។

ផ្លូវនេះអនុវត្តការងារសាងសង់ដោយក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. គ្រោងចំណាយថវិកាសាងសង់ប្រមាណ ២ ពាន់លានដុល្លារសហរដ្ឋអាមេរិក ប្រើរយៈពេលសាងសង់៤៨ខែ មានគន្លងផ្លូវចំនួន៤គន្លង ទទឹង ២៤,៥ម៉ែត្រ មានផ្លូវបំបែកទិស៧កន្លែង កន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លង មណ្ឌលប្រតិបត្តិការនិងថែទាំចំនួន៤កន្លង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥ កន្លែង ឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨,៣ គីឡូម៉ែត្រ និងខេត្តចំនួន ០៤ ទៀត ក្នុងនោះរួមមាន ខេត្តកណ្តាលប្រវែងប្រមាណ ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែងប្រមាណ ៨០,៨គីឡូម៉ែត្រ ខេត្តកោះកុងប្រវែងប្រមាណ ១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែងប្រមាណ ៨៩,៨៩គីឡូម៉ែត្រ៕