UN បានលើកឡើងថា ជនភៀសខ្លួនអ៊ុយក្រែន កើនដល់ ៣លាននាក់ ធ្វើដំណើរទៅដល់ប្រទេស ក្បែរខាង

 (ហ្សឺណែវ)៖  យោង តាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី Tass នៅថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ​២០២២​ បញ្ជាក់ថា ការិយាល័យឧត្តមស្នងការទទួលបន្ទុកជនភៀសខ្លួន នៃអង្គការសហប្រជាជាតិ បានឲ្យដឹងថាជនភៀសខ្លួនអ៊ុយក្រែនជាង ៣លាននាក់ បានទៅដល់បណ្ដាប្រទេសជិតខាងអ៊ុយ ក្រែន ចាប់តាំងពីសង្រ្គាមជាមួយរុស្ស៊ីផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។

យោងតាមទីភ្នាក់ងារ UN មួយនេះ, តួលេខអ្នកដែលបានភៀសខ្លួនចេញពីអ៊ុយក្រែន ចាប់តាំងពី ថ្ងៃទី២៤ ខែកុម្ភៈដល់ថ្ងៃទី១៥ ខែមីនា បានកើនឡើងដល់ ៣,០០០,៣៨១នាក់។ ក្នុងនោះមនុស្សសរុប ១,៨៣០,៧១១នាក់ បានចេញទៅកាន់ប្រទេសប៉ូឡូញ, ៤៥៩.៤៨៥នាក់ ទៅប្រទេសរូម៉ានី, ៣៣៧,៣១៥នាក់ ទៅប្រទេសម៉ុលដាវី, និង ២៦៧,៥៧០ចេញទៅកាន់ប្រទេស ហុងគ្រី។

សូមជម្រាបថា សង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានឈានចូលដល់សប្តាហ៍ទី៣ ខណៈដែលការ ចរចាក៏បានឈានដល់ជុំទី៤ផងដែរ។ កិច្ចចរចា ប៉ុន្មានលើកមកនេះ រវាងទីក្រុងកៀវ និងទីក្រុងមូស្គូ មកទល់ពេលនេះទទួលបានផ្តល់លទ្ធផលតិចតួចស្តួចស្តើងប៉ុណ្ណោះក្រៅតែពីការបង្កើតច្រក របៀង​មនុស្សធម៌ ដើម្បីជម្លៀសប្រជាជនចេញពីទីក្រុងរបស់អ៊ុយក្រែនមួយចំនួន ដែលរងការវាយប្រហារ ធ្ងន់ធ្ងរពី​សំណាក់យោធារុស្ស៉ី៕