(បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់ ចេញការណែនាំ ចំនួន៩ចំណុច ដល់រដ្ឋបាលខេត្តបាត់ដំបង ក្នុងសន្និបាតបូកសរុបលទ្ធផលការ ងារឆ្នាំ២០២១ និងលើកទិសដៅបន្ដ របស់រដ្ឋបាលខេត្តបាតដំបង នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ ២០២២នេះ សម្ដៅពង្រឹង និងបង្កើនប្រសិទ្ធភាពការងារ។
ការណែនាំដែលបានដាក់ចេញដោយសម្ដេចក្រឡាហោម ស ខេង នោះរួមមាន៖
*ទី១៖ ការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយនិងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ
*ទី២៖ ការអនុវត្តវិមជ្ឈការ និងវិសហមជ្ឈការ
*ទី៣៖ ការគ្រប់គ្រងធនធានធម្មជាតិ និងការដោះស្រាយវិវាទដីធ្លី
*ទី៤៖ ការគ្រប់គ្រងការពារសន្តិសុខ និងការអភិវឌ្ឍតំបន់ព្រំដែន
*ទី៥៖ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងទីក្រុង
*ទី៦៖ ការរៀបចំប្រព័ន្ធផែនការ និងការពង្រឹងប្រព័ន្ធគណនេយ្យភាពសង្គម
*ទី៧៖ ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋាន
*ទី៨៖ ការពង្រឹងការអនុវត្តវិធានការនានា ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងជំងឺកូវីដ១៩
*ទី៩៖ ការពង្រឹងរបៀបរបបការងារ។
សម្ដេចក្រឡាហោម ស ខេង ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចនានា និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ នៃខេត្ត បាត់ដំបង ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទីភារកិច្ចប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផល ក្នុងការធានាថែរក្សាសុខសន្តិភាព ស្ថិរភាព នយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិប តេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅ លើកកម្ពស់ជីវភាពរស់នៅ និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
បន្ថែមពីនេះ បានខិតខំចូលរួមក្នុងការដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋ ដែលទទួលរងនូវផល ប៉ះពាល់ពីវិបត្តិ នៃជំងឺកូវីដ-១៩ ការដោះស្រាយក្តីកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមនានា នៅមូលដ្ឋាន បានជាបន្តបន្ទាប់ ជាពិសេសការចូលរួមទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងការឆ្លងរីករាល ដាលនៃជំងឺកូវីដ១៩ ព្រមទាំងចូលរួមជំរុញ និងគាំទ្រដល់ដំណើរការចាក់វ៉ាក់សាំងជូនមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង ផ្អែកតាមយុទ្ធសាស្ត្រចាក់វ៉ាក់សាំង របស់រាជរដ្ឋាភិបាល ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍ បង្កើតឱកាសក្នុងការបើកដំណើរការ ប្រទេសបានពេញលេញ លើគ្រប់វិស័យ៕