UN អោយដឹងថា មនុស្សជិត ១លាននាក់ ភៀសខ្លួនចេញពីអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបើក ការវាយប្រហារ


 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែមិនា ឆ្នាំ២០២២ បញ្ជាក់ថា ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា UNHCR បានឱ្យដឹងថា ជនភៀសខ្លួនជាង ៨៧៤,០០០នាក់បានភៀសខ្លួនចេញពី ជម្លោះក្នុងប្រទេសអ៊ុយក្រែន និងស្វែងរកកន្លែងសុវត្ថិភាពនៅក្នុងប្រទេសផ្សេងទៀត ដើម្បីគេចចេញ ពី ការវាយប្រហាររបស់រុស្ស៉ី។

បើតាម UNHCR មនុស្សរាប់លាននាក់ផ្សេងទៀត ត្រូវបានប៉ាន់ស្មានថាត្រូវបានផ្លាស់ប្តូរទីលំនៅក្នុង ប្រទេស។ បច្ចុប្បន្ន ជនភៀសខ្លួនភាគច្រើន កំពុងស្នាក់នៅក្នុងប្រទេសមួយ ក្នុងចំណោមប្រទេស ចំនួន៥ ដែលនៅជិតខាងអ៊ុយក្រែន ដូចជា ប៉ូឡូញ, ហុងគ្រី, រូម៉ានី, ម៉ុលដាវី និងស្លូវ៉ាគី។ ចំណែកឯ មនុស្សប្រហែល ៧០,០០០នាក់បានទៅដល់បណ្តាប្រទេសអឺរុប ដែលមិនមានព្រំដែនជាមួយអ៊ុយ ក្រែន ដូចជាអាល្លឺម៉ង់ អ៊ីតាលី ឬក្រិក។

ខណះដែលចំនួនមនុស្សរត់ភៀសខ្លួនពីប្រទេសអ៊ុយក្រែនឈានជិតដល់មួយលាននាក់ បណ្តា ប្រទេសនៅអឺរ៉ុប កាន់តែច្រើនត្រូវបានស្នើឱ្យទទួល យកជនភៀសខ្លួន។ តែក្នុងចំណោមប្រទេសទាំងនោះ មានប្រទេសហុងគ្រី និងក្រិក ដែលត្រូវបានគេស្គាល់ថាមានជំហរ តឹងរ៉ឹងលើការទទួលយក ប្រជាជនជនចំណាកស្រុក៕