អាជ្ញាធរអគ្គិសនីកម្ពុជា រៀបចំសន្និបាតបូកសរុបលទ្ធផលការងារ២០២០-២០២១ និងទិសដៅការ ងារសម្រាប់ឆ្នាំ២០២២

 (ភ្នំពេញ)៖ អាជ្ញាធរអគ្គិសនីកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ រៀបចំសន្និបាតបូកសរុបលទ្ធ ផលការងារ២០២០-២០២១ និងទិសដៅការងារ សម្រាប់ឆ្នាំ២០២២។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា ព្រមទាំងមាន ការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួងរ៉ែ និងថាមពល មកពីបណ្តារាជធានី ខេត្តប្រមាណ ២០០នាក់ ដែលធ្វើប្រារព្ធឡើងនៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។

គិតមកត្រឹមចុងឆ្នាំ២០២១ព្រំដែននៃអាជ្ញាបណ្ណដែលផ្តល់ដោយឱ្យអ្នកកាន់អាជ្ញាបណ្ណចែកចាយធ្វើការវិនិយោគ និងការអភិវឌ្ឍបណ្តាញចែកចាយអគ្គិសនីទាំងរដ្ឋ និងឯកជន មានចំនួន១៤,១៥១ភូមិ ស្មើនឹង៩៩.៨៨ភាគរយ នៃចំនួនភូមិសរុបទូទាំងប្រទេស។

ក្នុងចំណោមភូមិដែលផ្តល់ឱ្យអ្នកកាន់អាជ្ញាបណ្ណទាំង ១៤,១៥១ភូមិនេះ មានចំនួន ១៣,៨១៨ភូមិ ស្មើនឹង៩៧.៥៣% បានសាងសង់ខ្សែបណ្តាញរួច ហើយមានចំនួន ៣៥០ភូមិ ស្មើនឹង ២.៤៧% នៃចំនួនភូមិសរុបទូទាំងប្រទេសដែលពុំទាន់មានខ្សែបណ្តាញទៅដល់ ។ សម្រាប់ភូមិដែលបានសាងសង់ខ្សែបណ្តាញរួចទាំង ១៣,៨១៨ភូមិ មានចំនួន ១៣,៧០៥ភូមិ ទទួលប្រភពផ្គត់ផ្គង់ពីប្រព័ន្ធបណ្តាញជាតិ មានចំនួន ១១១ភូមិ ទទួលប្រភពពីប្រទេសជិតខាង និងមានចំនួន ២ភូមិ ទទួលប្រភពពីម៉ាស៊ីនវៃសែលតូចៗ។

ដោយឡែកចំពោះភូមិចំនួន៣៥០ ដែលពុំទាន់មានខ្សែបណ្តាញអគ្គិសនីទៅដល់ ភាគច្រើនឋិតនៅ តំបន់កោះតំបន់លិចទឹកនៅរដូវវស្សា តំបន់គ្មានផ្លូវធ្វើដំណើរ តំបន់បណ្តែតទឹកតំបន់ឆ្ងាយដាច់ ស្រយាលដែលមានប្រជាជនរស់នៅរាយប៉ាយ។ល។

ទន្ទឹមនឹងនេះក្រសួងរ៉ែ និងថាមពលអាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា បាននិងកំពុងស្វះ ស្វែងរកលទ្ធភាពផ្គត់ផ្គង់អគ្គិសនីតាមរូបភាពជាប្រព័ន្ធបណ្តាញអគ្គិសនីខ្នាតតូចដើរដោយថាមពលពន្លឺព្រះអាទិត្យ (Solar Mini-Grid System) និងគម្រោងផ្តល់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ (Solar Home System)។

ជាក់ស្ដែងក្នុងឆ្នាំ២០២១នេះ ក្រសួងរ៉ែ និងថាមពល បានទទួលជំនួយពីអង្គការ UNDP ប្រចាំកម្ពុជា នូវប្រព័ន្ធបណ្តាញអគ្គិសនីខ្នាតតូចដើរដោយថាមពលពន្លឺព្រះអាទិត្យ ដើម្បីផ្គត់ផ្គង់ដល់ភូមិចំនួន៣ គឺភូមិស្ទឹងជ្រៅ ភូមិព្រែកស្ពាន ឋិតក្នុងឃុំកំពង់ព្រះគគីរ និងភូមិតាដោក ឋិតក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ខណៈដែលអគ្គិសនីកម្ពុជា មានគម្រោងផ្តល់ប្រព័ន្ធថាមពលពន្លឺ ព្រះអាទិត្យសម្រាប់តម្លើងតាមផ្ទះ(Solar Home System) ចំនួន ១០,០០០ប្រព័ន្ធផងដែរ៕