(ភ្នំពេញ)៖ យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលដែល ទទួលបាននាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានអោយដឹងថារាជរដ្ឋាភិបាលបានដាក់ចេញសេចក្តីសម្រេចតែងតាំងសមាសភាព គណៈកម្មាធិការដឹកនាំអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី តាមរយៈ លិខិតលេខ ០៩ សសរ ចុះថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២។
គណៈកម្មាធិការនេះមានឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាប្រធាន លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងឯកឧត្តម ថង សាវុន អភិបាលខេត្ត មណ្ឌលគិរី ជាអនុប្រធាន។
ទន្ទឹមនឹងនេះ ក៏មានថ្នាក់ដឹកនាំជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គស្នងការនគរបាលជាតិ និងអគ្គមេបញ្ជាការកងរាជអាវធហត្ថលើផ្ទៃប្រទេសសរុប១៩នាក់បន្ថែមទៀតជាសមាជិកគណៈកម្មាធិការ។
ការដាក់ចេញសេចក្តីសម្រេចតែងតាំងសមាសភាពនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានបង្កើត គណៈកម្មាធិការដឹកនាំអនុវត្តផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី តាមរយៈ អនុក្រឹត្យលេខ ២១៤ អនក្រ.បក ចុះថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ និងបន្ទាប់ពីរាជរដ្ឋាភិបាលបាន អនុម័តដាក់ឲ្យប្រើប្រាស់ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥) តាមរយៈលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តីលេខ ៤២៨ សជណ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៕