(រ៉ូម)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី៩ ខែកុម្ភៈ ឆ្នាំ២០២២ គឺបានបញ្ជាក់ថា សភាជាតិនៃប្រទេសអ៊ីតាលី នៅថ្ងៃអង្គារសប្ដាហ៍នេះបានអនុម័តច្បាប់ ថ្មីមួយ ដែលបញ្ចូល «កិច្ចការពារបរិស្ថាន» ជាផ្នែកមួយនៃរដ្ឋធម្មនុញ្ញ ខណៈអ្នកនយោបាយ និងក្រុម សកម្មភាពការពារបរិស្ថានជាច្រើន បានបង្ហាញការសាទរ។
ច្បាប់ថ្មីខាងលើបានចែងថា រដ្ឋមានកាតព្វកិច្ចថែរក្សាការពារបរិស្ថាន, ជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ដើម្បីជាផលប្រយោជន៍សម្រាប់មនុស្សជំនាន់ក្រោយ ហើយក្រុមហ៊ុនឯកជននានា ក៏មិនត្រូវធ្វើ សកម្មភាពទាំងឡាយណា ដែលបំផ្លាញសុខភាព និងបរិស្ថាននោះដែរ។
សូមជម្រាបជូនថា ក្រុមអ្នកនយោបាយ និងក្រុមសកម្មជនការពារបរិស្ថានជាច្រើន នៅក្នុងប្រទេស អ៊ីតាលី បានបង្ហាញការគាំទ្រដល់ការអនុម័តច្បាប់ថ្មីខាងលើ ដោយពួកគេចាត់ទុកថា វាពិតជាមាន សារៈសំខាន់សម្រាប់អនាគតប្រទេសជាតិ និងជាការបោះជំហានមួយដ៏សំខាន់ ខណៈអ៉ីតាលីកំពុង បង្កើនការវិនិយោគ លើសេដ្ឋកិច្ចបៃតង៕