សម្ដេចពិជ័យសេនា ទៀ បាញ់ ដឹកនាំសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ ២០២២-២០២៣


 (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈនេះ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅឆ្នាំ២០២២-២០២៣ និងសិក្ខាសាលាថ្នាក់ជាតិស្ដីពី អភិបាលកិច្ចល្អ នៃការគ្រប់គ្រងព្រឹត្តិការណ៍ SEA Games-ASEAN Para Games ឆ្នាំ២០២៣ នៅសណ្ឋាគារ សុខា ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារ ជាតិ និងជាប្រធាន CAMSOC។សម្ដេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា សន្និបាត និងសិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការបញ្រ្ជាបការយល់ដឹងឲ្យកាន់តែច្បាស់ អំពីគោលបំណង ខ្លឹមសារ និងបញ្ហាប្រឈមនានា ដើម្បីរកដំណើរឆ្ពោះ ឆ្ពោះទៅរកភាពជោគជ័យ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ នាឆ្នាំ២០២៣។ ជាមួយគ្នានោះសម្ដេចក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ អគ្គលេខាធិការដ្ឋាន និងមន្ដ្រីគ្រប់ស្ថា ប័នពាកក់ព័ន្ធ ដែលអនុវត្តការងារបានរលូន ប្រកបដោយវឌ្ឍនភាព និងសមិទ្ធផលជាវិជ្ជមាន។

សម្ដេចពិជ័យសេនាបានបង្ហាញសុទិដ្ឋិនិយមថា «ខ្ញុំមានជំនឿចិត្តយ៉ាងមុតមាំថា ឆ្លងកាត់សន្និបាត និងសិក្ខាសាលាថ្ងៃនេះ យើងនឹងស្វែងរកគន្លឹះការងារសំខាន់ៗ ដែលជាធាតុចូលដ៏មានសារៈសំខាន់ និងផ្ដល់នូវប្រសិទ្ធភាពការងារគ្រប់ជ្រុងជ្រោយរបស់ CAMSOC បន្ដទៀត។ ហើយទិសដៅឆ្នាំ២០២២ គឺជាឆ្នាំប្រតិបត្តិការរៀបចំស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមរបស់យើង ដែលទាម ទារឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវមានភាពប្រាកដនិយម និងទទួលខុសត្រូវខ្ពស់បំផុត ចំពោះមុខ CAMSOC ចំពោះមុខរាជរដ្ឋាភិបាល និងចំពោះមុខសហព័ន្ធក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ី អាគ្នេយ៍»ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC បានបញ្ជាក់ថា សន្និបាតបូកសរុប និងសិក្ខាសាលាខាងលើ ពិតជាមានសារសំខាន់ និងផ្ដល់នូវប្រសិទ្ធភាពការងារបន្ថែមដល់ CAMSOC ដោយផ្ដោតលើគោលបំណងសំខាន់ដូចជា៖

១៖ ការយល់ដឹងពីវឌ្ឍនភាពការងារ និងទិសដៅបន្ដរបស់ CAMSOC រហូតដល់ព្រឹត្តិការណ៍ស៊ី ហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
២៖ បញ្ជ្រាបការយល់ដឹងស្ដីពីតួនាទី-ភារកិច្ចស្នូល និងភារកិច្ចសហការរបស់គណៈកម្មការជំនាញ នីមួយៗ និងកំណត់ប្រតិទិនកាករងារសំខាន់ៗមួយចំនួន។
៣៖ បញ្ជ្រាបការយល់ដឹងស្ដីពីរដ្ឋបាលកិច្ចផ្ទៃក្នុង និងយន្ដការជំនាញរបស់គណៈកម្មការជំនាញ នីមួយៗ។
៤៖ ស្វែងរកដំណោះស្រាយបញ្ហាប្រឈម ឬកង្វល់នានាដែលនៅសេសសល់ឲ្យបានទាន់ពេល វេលា។
៥៖ ពង្រឹងតម្លាភាព គណនេយ្យភាព និងអភិបាលកិច្ចល្អ ក្នុងការគ្រប់គ្រងដឹកនាំព្រឹត្តិការណ៍ប្រកួត ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។
៦៖ ការដាក់ចេញនូវក្រុមប្រតិបត្តិ និងក្រុមសីលធម៌របស់ CAMSOC ដើម្បីធានាប្រសិទ្ធភាពបន្ថែម ក្នុងការងាររៀបចំស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ៕