ជប៉ុននឹងអនុម័តថ្នាំគ្រាប់ព្យាបាលកូវីដ-១៩ របស់ក្រុមហ៊ុន ក្នុងស្រុក «Shionogi» ឲ្យបានឆាប់រហ័ស

(តូក្យូ)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នារសៀលថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២គឺ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វឹមីអុ គីស៊ីដា (Fumio Kishida) បានថ្លែងនៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលរបស់លោកកំពុងពិចារណា ក្នុងការអនុម័តឲ្យបានឆាប់រហ័ស នូវថ្នាំគ្រាប់ព្យាបាលជំងឺ COVID-19 អភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថក្នុងស្រុក «ស៊ីអូណូជិ» (Shionogi)។
លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានបង្ហើបអំពីចេតនាខាងលើ នៅក្នុងឱកាសនៃការបើកកិច្ចប្រជុំមួយ របស់គណៈកម្មាធិការសភាជប៉ុន ដែលមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ នៅថ្ងៃសុក្រនេះ ដោយជំរុញឲ្យអាជ្ញាធរសុខាភិបាល ធ្វើការត្រួតពិនិត្យអំពីប្រសិទ្ធភាព និងសុវត្ថិភាព ដែលត្រូវបានអះអាងដោយក្រុមហ៊ុន Shionogi ក្រោយការធ្វើតេស្តលើកចុងក្រោយនោះ ឲ្យបានឆាប់រហ័ស។
បើតាមកាសែត ម៉ាអ៊ិនីឈិ (Mainichi) របស់ជប៉ុន បានរាយការណ៍កាលពីពេលថ្មីៗនេះថា ប្រទេសជប៉ុនកំពុងពិចារណាក្នុងអនុញ្ញាត ឲ្យក្រុមហ៊ុនផលិតឱសថ Shionogi ដាក់លក់ថ្នាំគ្រាប់ព្យាបាលជំងឺ COVID-19 ឆាប់បំផុតនៅរដូវនិទាឃរដូវខាងមុខនេះ (ចុងខែមីនា)៕