រដ្ឋបាលខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍ តំបន់ឆ្នេរសមុទ្រកម្ពុជា បានធ្វើការកែលម្អសោភ័ណភាពតំបន់ឆ្នេរ មានដូចជា ការរៀបចំក្រាលថ្ម ក្រានីត ផ្លូវថ្មើរជើង ផ្លូវជិះកង់ ការដាំស្មៅ និងដាំដើមឈើបន្ថែម ភ្លើងបំភ្លឺសាធារណៈ ព្រមទាំងការ រៀបចំបន្ទប់ទឹកសាធារណៈ សំដៅប្រែក្លាយក្រុងព្រះសីហនុទៅជាក្រុងទំនើប មានសោភ័ណភាព និងបរិស្ថានល្អ ដែលអាចទាក់ទាញភ្ញៀវទេចរណ៍ និងអ្នកវិនិយោគចូលមកកាន់ខេត្តព្រះសីហនុកាន់ តែច្រើនឡើង។
ទន្ទឹមនឹងការមកកំសាន្តក្នុងខេត្តព្រះសីហនុនេះដែរ ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ បាន បង្ហាញពីការពេញចិត្ត ចំពោះបន្ទប់ទឹកសាធារណៈនៅតាមបណ្តោយឆ្នេរសមុទ្រ ដែលរដ្ឋបាលខេត្ត ព្រះសីហនុ និងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានខិតខំរៀបចំ សម្រាប់ទទួលភ្ញៀវទេសចរជាតិនិងភ្ញៀវបរទេសប្រើប្រាស់ក្នុងឱកាសដំណើរកំសាន្តនាថ្ងៃឈប់សម្រាក។ សូមជម្រាបជូនថា បន្ទប់ទឹកសាធារណៈបច្ចុប្បន្នបានដាក់ឱ្យចំនួន០៩ទីតាំង នៅតាម បណ្ដោយឆ្នេរអូរឈើទាល២ ឆ្នេរអូរត្រេះ១ ឆ្នេរអូត្រេះ២ រហូតដល់ចំនុចដើមឈើចាំស្នេហ៍ ឆ្នេរជំទាវ ម៉ៅ ដោយទីតាំងបន្ទប់ទឹកនីមួយៗមានទំហំធំទូលាយ មានការចែងចែក បន្ទប់ទឹកស្រី-ប្រុស បន្ទប់ ទឹកសំរាប់ជនពិការ កន្លែងលាងដៃ និងកន្លែងងូតទឹក ដាច់ដោយឡែកពីគ្នា ដោយមានភាពងាយ ស្រួល និងប្រកបដោយអនាម័យ។
សូមជម្រាបជូនបន្ថែមថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម រយៈពេល០៣ថ្ងៃ ដោយ គិតចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ ធៀបនឹងរយៈពេល០៣ថ្ងៃដូចគ្នា ក្នុងឆ្នាំ២០២១ ភ្ញៀវទេសចរណ៍បានមកកំសាន្ត នៅខេត្តព្រះសីហនុ មានចំនួនសរុបប្រមាណ ៩២,៧៦២ នាក់ កើនឡើង ១៣.០៣%៕