មន្ដ្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ អោយដឹងថា ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ដំណាក់កាលទី២ នឹងសម្រេចឲ្យបានអត្រាគ្របដណ្ដប់៩០%


 (ភ្នំពេញ)៖ ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការ តំណាងលោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ បានថ្លែងថា ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទដំណាក់កាលទី២ ឆ្នាំ២០១៩-២០២៣ គឺត្រូវសម្រេចឲ្យបានអត្រាគ្របដណ្ដប់ ៩០% ទាំងទឹកស្អាត និងអនាម័យជនបទ។

ការថ្លែងបែបនេះ ក្នុងឱកាសដែលលោក ទ្រី មេង អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពី ការ បូកសរុបលទ្ធផលការងារ ដែលសម្រេចបានក្នុងឆ្នាំ២០២១ និងលើក ទិសដៅការងារបន្ត លើវិស័យ ផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ របស់នាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នៃក្រសួងអភិវឌ្ឍន៍ នាសណ្ឋាគារ សាន់វ៉េ រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។

ឯកឧត្តម ទ្រី មេង បានគូសបញ្ជាក់ទៀត លទ្ធផលរំពឹងទុកខាងលើនេះ គឺទាមទារឲ្យមន្រ្ដីគ្រប់លំ ដាប់ថ្នាក់ នៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នាយកដ្ឋានថែទាំសុខភាព ជនបទ មន្ទីរអភិវឌ្ឍន៍ជន បទទាំង ២៥ រាជធានី-ខេត្ត ស្ថាប័នពាក់ព័ន្ធទាំងអស់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សប្បុរសជន អង្គ ការជាតិ និងអន្តរជាតិ ព្រមទាំង វិស័យឯកជន ចូលរួមយ៉ាងសកម្មធ្វើឲ្យមានការប្រែប្រួលជាវិជ្ជមាន ក្នុងវិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ដែលជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍជនបទ នៅក្នុងប្រទេសកម្ពុជា។

លោក ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើរបាយ ការណ៍ស្ដីពី វឌ្ឍនភាពលទ្ធផលការងារផ្គត់ផ្គង់ ទឹកស្អាតរបស់ នាយកដ្ឋាន និងមន្ទីរអភិវឌ្ឍន៍ជនបទ រាជធានី ខេត្តប្រចាំឆ្នាំ២០២១ សម្រាប់ថវិកាកម្មវិធី ក្នុងនោះបានត្រួតពិនិត្យ និងវាយតម្លៃអណ្ដូង ដែលធននឹងការប្រែប្រួល អាកាសធាតុ បាន៣១៥ អណ្ដូង ស្រះសហគមន៍បាន ៩ ស្រះ អាងត្រង ទឹកភ្លៀងចំណុះ ៥ម៉ែត្រគូបបាន ៤៤ អាង ចំណុះ ២០ម៉ែត្រគូបបាន ២៩ អាង សង់ប្រព័ន្ធចែកចាយ ទឹកបាន៥កន្លែង ធុងចម្រោះបាន១០៨ធុង ពិនិត្យសារធាតុអាសេនិចបាន ៧៥ អណ្ដូង ជីក និងស្ដារ ប្រព័ន្ធស្រោចស្រពខ្នាតតូចបានចំនួន ២ខ្សែ ។

លោកប្រធាននាយកដ្ឋាន បានបន្តថា កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍នានា បានសាងសង់ ស្ថានីយ៍ផលិតទឹកផឹកនៅជនបទ ស្រះសហគមន៍បាន២ស្រះ ប្រព័ន្ធចែកចាយទឹកខ្នាតតូចបាន៤ កន្លែង បញ្ចប់ការសាងសង់អណ្ដូងស្នប់បាន ២៤៩ អណ្ដូង ស្រះសហគមន៍បាន២៧ស្រះ ជាជំនួយ ឥតសំណងរបស់រដ្ឋាភិបាលចិន ព្រមទាំងបានត្រួតពិនិត្យ និងវាយតម្លៃប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតគ្រប់ ប្រភេទ របស់គម្រោងធនាគារអភិវឌ្ឍន៍អាស៊ី ADB រួមមាន សាងសង់អណ្ដូងស្នប់អាហ្រ្វីដេវបាន ២៤២ អណ្ដូង ពាងត្រងទឹកភ្លៀង ១១ ៧៦៨ ពាង អាងត្រងទឹកភ្លៀងបាន ៣១ អាង ស្រះ សហគមន៍បាន ១៤ ស្រះ ប្រព័ន្ធចែកចាយទឹកខ្នាតតូចបាន២ស្ថានីយ៍ និបានសាងសងអណ្ដូងស្នប់ អាហ្រ្វីដេវថ្មី បាន៣០២ អណ្ដូង សាងសង់ពាងត្រងទឹកភ្លៀងបាន ១១ ៧៦៤ពាង ព្រមទាំងសិក្សាទី តាំងបម្រើ ឲ្យវិស័យផ្គត់ផ្គង់ទឹក ជាច្រើនកន្លែងទៀតផង។

លោក ស្រ៊ិន ពុទ្ធី បានបន្តថា ចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ បានកំណត់ថា នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូប នៅសហគមន៍ជនបទ ត្រូវមានសេវាផ្គង់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្តរភាព៕