អតីតប្រមុខការទូតកម្ពុជា បានលើកឡើងថា អ្នករិះគន់ដំណើរទស្សនកិច្ច សម្តេចតេជោទៅមីយ៉ាន់ម៉ា គឺមិនយល់ និងមិនបានអានលក្ខខណ្ឌឯកច្ឆន្ទទាំង៥ របស់អាស៊ាន


(ភ្នំពេញ)៖ អតីតប្រមុខការទូតដ៏ចំណានរបស់កម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានហៅដំណើរទស្សនកិច្ចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានទៅ កាន់ប្រទេសមីយ៉ាន់ម៉ា ជាដំណើរទស្សនកិច្ចមួយដ៏ត្រឹមត្រូវ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានហៅ ក្រុមអ្នករិះគន់ ដែលមានអ្នកនយោបាយអាស៊ានមួយចំនួននោះ ចំពោះដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ គឺជាការរិះគន់ដោយមិនបានអាន និងមិនបានយល់ពីលក្ខខណ្ឌឯកច្ឆន្ទ (consensus) ទាំង៥ចំណុច សម្រេចដោយកិច្ចប្រជុំពិសេសរបស់អាស៊ានកាលពីខែមេសា ឆ្នាំ២០២១ នៅប្រទេស ឥណ្ឌូនេស៊ី ដែលពេលនោះមានការចូលរួមពីលោក អោង មីង ឡាំង ផងដែរនោះ។

កាលពីថ្ងៃទី៧ និងទី៨ ខែមករា ឆ្នាំ២០២២ ពោលក្រោយពេលកម្ពុជាទទួលបានសុពលភាពជា ប្រធានអាស៊ានភ្លាម សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេស មីយ៉ាន់ម៉ា ក្នុងបំណងដោះស្រាយវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលអូសបន្លាយរយៈ ពេលជិតមួយឆ្នាំមកហើយនោះ។ ដំណើរទស្សនកិច្ចរបស់ទៅកាន់មីយ៉ាន់ម៉ានាពេលនោះ សម្តេច តេជោ បានប្រកាសថាធ្វើឡើងដោយឈរលើស្មារតីធម្មនុញ្ញអាស៊ាន និងគោរពតាមគោលការណ៍ ឯកច្ឆន្ទទាំង៥ចំណុច ដែលអាស៊ានបានសម្រេចក្នុងកិច្ចប្រជុំពិសេសនៅប្រទេសឥណ្ឌូនេស៊ី កាល ពីខែមេសា ឆ្នាំ២០២១។ កិច្ចប្រជុំពិសេសពេលនោះ លោកឧត្តមសេនីយ៍ អោង មីង ឡាំង មេដឹក នាំយោធារបស់មីយ៉ាន់ម៉ា ក៏ត្រូវបានអញ្ជើញចូលរួមផងដែរ។

គោលការណ៍ទាំង៥ចំណុចនោះរួមមាន៖ ទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា ហើយគ្រប់ភាគី ត្រូវបង្កើនការអត់ធ្មត់, ទី២៖ ចាប់ផ្ដើមការសន្ទនាប្រកបដោយស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី, ទី៣៖ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹង សម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការ អាស៊ាន, ទី៤៖ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌ និងទី៥៖ គឺប្រេសិតពិសេស និងគណៈប្រតិភូ នឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់។

ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២ បើទោះបីត្រូវបានគេមើលឃើញថា ជាកិច្ចប្រឹងប្រែងដ៏ខ្លាំងក្លាមួយរបស់កម្ពុជា ដើម្បីដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា និងបញ្ហារបស់អាស៊ានយ៉ាងណាក្តី ក៏ដំណើរទស្សនកិច្ច នេះបានរងការរិះគន់មួយចំនួនតូចពីសំណាក់អ្នកអត្ថាធិប្បាយនានា ក្នុងនោះរួមមានទាំងលោក Saifuddin Abdullah រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីផងដែរ។

ឆ្លើយតបនឹងការរិះគន់នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែលជាអតីតប្រមុខការទូត ដ៏ប៉ិនប្រសប់មួយរូបរបស់កម្ពុជា បានពន្យល់ថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា មិនមានអ្វីខុសឆ្គងនោះឡើយ។ លោកឧបនាយករដ្ឋមន្ត្រី បានហៅ ដំណើរទស្សនកិច្ចនេះ គឺជាការបោះជំហានដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា ដោយឈរលើគោល ការណ៍ឯកច្ឆន្ទទាំង ៥ចំណុច។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានវាយប្រហារទៅក្រុមអ្នករិះគន់ដំណើរទស្សនកិច្ច របស់សម្តេចតេជោផងដែរថា ជាអ្នកមិនយល់ និងមិនបានអាននូវគោលការណ៍ឯក ច្ឆន្ទទាំង៥ ចំណុចនេះ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងដូច្នេះ «ខ្ញុំយល់ថា ការតិះទៀនសម្តេចកន្លងមកតាមរយៈ សារព័ត៌មាន តាមបណ្តាអង្គភាពរបស់អ្នកនយោបាយអាស៊ាន គឺគេហាក់ដូចជាភ្លេចន័យសំខាន់របស់ ៥ ចំណុចនេះ។ គេហាក់ដូចជាភ្លេចការតភ្ជាប់ពីចំណុចទី១ ដល់ចំណុចទី៥ គេហាក់ដូចជាមិនយល់ ឡូហ្ស៉ិក របស់៥ចំណុចនេះ»

អតីតប្រមុខការទូតរបស់កម្ពុជារូបនេះបន្តថា «ខ្ញុំយល់ថា ដំណើរទស្សនកិច្ចនេះ គឺត្រឹមត្រូវបំផុត ដើម្បីជួយដល់បញ្ហារបស់មីយ៉ាន់ម៉ា ដែលជាបញ្ហារបស់អាស៊ាន ដោយសារកម្ពុជាជាប្រធានអាស៊ាន ឆ្នាំ២០២២ កម្ពុជាត្រូវយកជំហានដំបូង ដោះស្រាយបញ្ហាហ្នឹងលើមូលដ្ឋាន៥ចំណុចកុងសង់ស៊ីស»

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបង្កើតយន្តការត្រីភាគី (ត្រយកា-Troika) ដែលមានសមាសភាពកម្ពុជា ព្រុយណេ និង ឥណ្ឌូនេស៊ី ក្នុងការដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ាផងដែរ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន លើកឡើងថា បញ្ហាមីយ៉ាន់ម៉ា ជាបញ្ហាដែលមិនអាចដោះស្រាយបានក្នុងរយៈពេលខ្លីនោះឡើយ ដូច្នេះយន្តការត្រីភាគីនេះ គឺជាយន្តការយូរអង្វែងមួយលើការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ដើម្បី ឆ្ពោះទៅរកភាពជោគជ័យ។

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុងបញ្ជាក់ថា«ការបង្កើតត្រយកា ជាគំនិតផ្តួចផ្តើមដ៏ល្អបំផុត ដើម្បី រួមគ្នា។ បញ្ហារបស់មីយ៉ាន់ម៉ា មិនមែនជាបញ្ហារ បស់កម្ពុជាទេ ជាបញ្ហារបស់អាស៊ាន ទើបសម្តេច តេជោជាប្រធានអាស៊ាន បោះជំហានដំបូងទៅរក ការដោះស្រាយលើ៥ចំណុចនេះ។ អត់មានអីខុសទេ»