(ភ្នំពេញ)៖ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក ប៊ូយ ថាញ់សឺន បានហៅដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា គឺជាកិច្ចការដ៏មានតម្លៃ និងមានសារៈសំខាន់សម្រាប់រក្សានូវសាមគ្គីភាព និងឯកភាពរបស់អាស៊ាន ហើយប្រទេសវៀត ណាម គាំទ្រទាំងស្រុងចំពោះកិច្ចប្រឹងប្រែងរបស់សម្តេចតេជោ។
ប្រធានបទស្តីពីបញ្ហារបស់អាស៊ាន និងមីយ៉ាន់ម៉ា កំពុងក្លាយទៅជារបៀបវារៈដ៏សំខាន់រាល់ជំនួប រវាងសម្តេចតេជោ ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់បណ្តាប្រទេសសមាជិកអាស៊ាននាដើមឆ្នាំ២០២២ គ្រាដែលកម្ពុជាកំពុងកាន់តួនាទីជាប្រធានអាស៊ាន។ ក្នុងជំនួបពិភាក្សារវាងសម្តេចតេជោ និងលោក ប៊ូយ ថាញ់សឺន នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ កិច្ចការពាក់ព័ន្ធនឹង អាស៊ាន ក៏ដូចជាបញ្ហារបស់មីយ៉ាន់ម៉ា ក៏ត្រូវបានលើកមកជជែកផងដែរ។
ឯកឧត្តម បណ្ឌឹត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ប្រាប់ក្រុមអ្នក ព័ត៌មានថា លោក ប៊ូយ ថាញ់សឺន បានជម្រាបជូនសម្តេចតេជោថា វៀតណាម គាំទ្រទាំងស្រុងនូវ ប្រធានបទ និងការងារទាំងឡាយ ដែលកម្ពុជាដាក់ចេញក្នុងនាមប្រធានអាស៊ាន។
ឯកឧត្តម បណ្ឌឹត កៅ គឹមហួន នៅក្នុងជំនួបនេះ លោក ប៊ូយ ថាញ់សឺន បានអបអរសាទរដំណើរ ទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទៅប្រទេសមីយ៉ាន់ម៉ា ហើយបានចាត់ទុកដំណើរ ទស្សនកិច្ចរបស់សម្តេចតេជោ ជាដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់ និងទទួលបានជោគជ័យ ដ៏ប្រសើរ។ លោក ប៊ូយ ថាញ់សឺន បានជម្រាបសម្តេចតេជោផងដែរថា ក្នុងដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីវៀតណាម ទៅកាន់ឡាវនាពេលកន្លងទៅ ប្រទេសឡាវ និងវៀតណាម ក៏បានចេញ សេចក្តីថ្លែងការណ៍រួម ដោយបង្ហាញការគាំទ្រទស្សនកិច្ចរបស់សម្តេចតេជោ ទៅមីយ៉ាន់ម៉ាផងដែរ។
ឯកឧត្តម បណ្ឌឹត កៅ គឹមហួន បានគូសបញ្ជាក់យ៉ាងដូច្នេះ «ចំពោះបញ្ហាមីយ៉ាន់ម៉ា ឯកឧត្តម [ប៊ូយ ថាញ់សឺន] បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ គឺជាការឆ្លុះបញ្ចាំងពីភាពរីកចម្រើន និងមានវឌ្ឍនភាពនៅក្នុងអាស៊ាន។ អ្វីដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានខិតខំនេះ ដើម្បីរក្សា សាមគ្គីភាព និងឯកភាពរបស់អាស៊ាន ដែលជារឿងដ៏សំខាន់សម្រាប់អាស៊ានទាំងមូល»។
ឯកឧត្តម បណ្ឌឹត កៅ គឹមហួន បានបន្ថែមថា «ឯកឧត្តម [ប៊ូយ ថាញ់សឺន] បានគូសបញ្ជាក់ថា កិច្ច ប្រឹងប្រែងរបស់សម្តេចតេជោ ទៅកាន់ប្រទេសមីយ៉ាន់ម៉ានាពេលកន្លងទៅនេះ ពិតជាមាតម្លៃខ្ពស់ និងសារៈសំខាន់ណាស់ ជាពិសេសក្នុងការជំរុញរក្សាឱ្យមាននូវសាមគ្គីភាពផ្ទៃក្នុងរបស់អាស៊ាន ហើយ ដែលយើងត្រូវរក្សាឱ្យបាន»។
សម្តេចតេជោ បានថ្លែងអំណរគុណថ្នាក់ដឹកនាំវៀតណាម ដែលបានគាំទ្រចំពោះកិច្ចប្រឹងប្រែងរបស់ កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ក៏ដូចជាការដោះស្រាយបញ្ហារបស់មីយ៉ាន់ម៉ា។
សម្តេចតេជោ បានគូសបញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាបានខិតខំជំរុញការងារជាច្រើន ។ សម្តេចតេជោ ក៏បានលើកឡើងពីដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់មីយ៉ាន់ម៉ា កាលពីថ្ងៃ ទី៧-៨ ខែមករា ឆ្នាំ២០២២ គឺជាកិច្ចខិតខំមួយធ្វើយ៉ាងណាឱ្យស្ថានភាពរបស់មីយ៉ាន់ម៉ាមានភាពល្អ ប្រសើរឡើងវិញ។
សម្តេចតេជោ ក៏បានលើកឡើងដែរថា បច្ចុប្បន្នអាស៊ាន មានការងារធ្វើជាច្រើន មិនមែនមានតែការ ងាររបស់មីយ៉ាន់ម៉ាទេ។ សម្តេចតេជោ បានបញ្ជាក់ថា មិនត្រូវយកមីយ៉ាន់ម៉ា ធ្វើជាចំណាប់ខ្មាំង របស់អាស៊ានទេ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា មីយ៉ាន់ម៉ា នៅតែជួយ ហើយការងារផ្សេងទៀត ក៏ត្រូវតែដោះស្រាយដែរ៕