រដ្ឋមន្ត្រី សាយ សំអាល់ លើកឡើងថា សង្គមកម្ពុជា ជាសង្គមមួយដែលសាសនាណាក៏អាចលូត លាស់បាន និងទទួលយកបានគ្រប់ជាតិសាសនា


(ព្រះសីហនុ)៖ «សង្គមកម្ពុជាជាសង្គមមួយដែលសាសនាណាក៏អាចលូតលាស់បាន និងទទួល យកបានគ្រប់ជាតិសាសនា ដែលយើងអាចនិយាយបានថា នៅលើពិភពលោកមិនមានច្រើនទេ»។ នេះជាការលើកឡើងរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹក នាំវិហារកាតូលីក ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ។

ឯកឧត្តម សាយ សំអាល់ បានឱ្យដឹងទៀតថា កម្ពុជាមានសង្គមមួយដែលមានពហុវប្បធម៌។ ប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រណិបត៍សាសនា ទៅតាមជំនឿ រៀងៗខ្លួន។ ការគោរពព្រះជារឿងសំខាន់ មិនថាសាសនាណាក៏ដោយ ព្រោះព្រះនៅក្នុងសាសនា គឺអប់រំមនុស្សឱ្យសាងអំពើល្អ គិតល្អ និងជាពន្លឺបំភ្លឺជីវិតដល់អ្នកមានជំនឿ។

ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានលើកឡើងទៀតថា សាសនាក៏មានតួនាទីសំខាន់ក្នុងការកែប្រែ ឬផ្លាស់ប្តូរផ្នត់គំនិតរបស់មនុស្សឆ្ពោះទៅកាន់ផ្លូវត្រូវក្នុងខ្សែជីវិតរបស់ខ្លួនផងដែរ។

គួរបញ្ជាក់ថា អមដំណើរ ឯកឧត្តម សាយ សំអាល់ អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ ដឹកនាំវិហារកាតូលីក ក្រុងព្រះសីហនុ ដោយមានការចូលរួមពី ឯកឧត្តម គួច ចំរើន អភិបាល រងខេត្តព្រះសីហនុ លោកអភិបាលក្រុង ព្រមទាំងលោក លោកស្រី ថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋា ភិបាល ចុះមូលដ្ឋានខេត្តព្រះសីហនុ ជាច្រើនរូប៕