សម្តេចតេជោទទួលពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ»ពីអង្គការសហព័ន្ធសន្តិភាពសកល

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ពីអង្គការសហព័ន្ធសន្តិភាពសកល (UPF) ក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក លើកទី២ (2nd ASIA PACIFIC SUMMIT) ដែលប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នាវិមានសន្តិភាព រាជធានីភ្នំពេញ។

ពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ដែលត្រូវបានបំពាក់ជូនសម្តេចតេជោ ដោយផ្ទាល់ពីសំណាក់លោកជំទាវបណ្ឌិត Hak Ja Han Moon សហស្ថាបនិកសហព័ន្ធសន្តិភាពសកល។ នៅក្នុងសន្និសីទកាសែតក្រោយកិច្ចប្រជុំលោក រ៉ូបឺត គីថែល អ្នកនាំពាក្យអង្គការសហព័ន្ធសន្តិភាពសកល (UPF) បានបញ្ជាក់ថា ដោយសារតែសម្តេចតេជោ មានស្នាដៃនៃការដឹកនាំ ក្នុងការបិទបញ្ចប់ភ្លើងសង្គ្រាម កសាងនូវសុខសន្តិភាព ក៏ដូចជាអភិវឌ្ឍន៍មាតុភូមិកម្ពុជាឲ្យរីកចម្រើន រួមនឹងការចូលរួមចំណែក កសាងទំនាក់ទំនង និងជួយរក្សាសុខសន្តិភាពនៅក្នុងតំបន់ និងលើពិភពលោក។

ឆ្លើយតបចំពោះសំណួរអ្នកកាសែត ថាតើសហព័ន្ធសន្តិភាពសកល អាចដោះស្រាយបញ្ហាជម្លោះនានានៅក្នុងតំបន់អន្តរជាតិ បានដោយយ៉ាងរបៀបដែរ បើប្រទេសនីមួយមានអាវុធទំនើប តែងតែសង្ខើញដាក់គ្នាបែបនេះ? លោក រ៉ូបឺត គីថែល បានពន្យល់ថា មានតែការដោះស្រាយការជជែកគ្នា និងពិភាក្សាគ្នាប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ហាបាន។

លោក ឯក ថា អនុប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បាន បញ្ជាក់ ថា តាមរយៈសន្និសីទនេះ មេដឹកនាំទាំងស្ថាប័ននីតិប្រតិបត្តិ នីតិបញ្ញត្តិ សុទ្ធតែ បានកោតសរសើរចំពោះការខិតខំរបស់កម្ពុជា ក្នុងស្វែងរកសន្តិភាព ការបញ្ចប់សង្គ្រាម និងឈានទៅដល់ការផ្សះផ្សារជាតិនៅទូទាំងប្រទេស។ បទពិ សោធន៏របស់កម្ពុជា ជាមេរៀនដ៏ល្អបំផុតសម្រាប់ពិភពលោកយកធ្វើជាគំរូ ក្នុង ការប្រែក្លាយពិភពលោក ដែលកំពុងពុះពោរដោយជំលោះ និងសង្គ្រាមអាច ដោះស្រាយ និងស្វែងរកសន្តិភាពដោយសន្តិវិធី៕