នាយករដ្ឋមន្ត្រីក្រើនរំឭកឲ្យកីឡាករកម្ពុជាគោរពក្រិតក្រមកីឡាចាញ់ឈ្នះជារឿងធម្មតា

ភ្នំពេញ ៖ ថ្លែងក្នុងជួបសំណេះសំណាលជាមួយប្រតិភូកីឡាករ-កីឡាការិនីជាង៤៤០នាក់ នាព្រឹកថ្ងៃទី នៅវិមានសន្តិភាព មុនចេញទៅប្រកួតកីឡា SEA Games លើកទី៣០ នៅប្រទេសហ្វីលីពីន សម្តេចតេជោ បានណែនាំប្រតិភូកីឡារទាំងអស់ត្រូវគោរពតាមក្រិតក្រម និងវិន័យនៃ ប្រកួតឲ្យខ្ជាប់ខ្ជួន ព្រោះចាញ់ឈ្នះ ជារឿងធម្មតានៃការប្រកួតកីឡា។

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅប្រតិកីឡារបស់កម្ពុជា ព្យាយាមធ្វើយ៉ាងណាគោរពឲ្យបានខ្ជាប់ខ្ជួននៃ ការប្រកួតកីឡា ដោយធ្វើយ៉ាងណាកុំឲ្យការចង់ឈ្នះក្លាយជារឿងអាម៉ាស់ជាតិ ។

ការចាញ់ឈ្នះជារឿងធម្មតានៅក្នុងការប្រកួតកីឡា ដូច្នោះការគោរពក្រិតក្រមកីឡាជារឿងដែលត្រូវធ្វើ ដើម្បីមោទនភាពជាតិកម្ពុជា។ សម្តេចតេជោ ក៏បានណែនាំឲ្យកីឡាកររបស់កម្ពុជា ជៀសឲ្យឆ្ងាយពីការប្រើប្រាស់សារធាតុញៀន រឺសារធាតុលើកកម្លាំងនានា ព្រោះវាធ្វើឲ្យអាប់អោនកិត្តិយសប្រទេសជាតិ។ សម្តេចតេជោលើកទឹកចិត្តដល់កីឡាករកម្ពុជា ឲ្យទទួលយកលទ្ធផល ទោះចាញ់ រឺឈ្នះ ដោយគោរពចំពោះដៃគូប្រកួត។ សម្តេចតេជោ រំពឹងថា កម្ពុជានឹងអាចទទួលបានមេដាយមាសច្រើនជាងមុន ត្បិតឆ្នាំនេះកម្ពុជាបានបញ្ជូនប្រតិភូកីឡា និងប្រភេទកីឡាច្រើនជាងមុន។ សម្តេចក៏រំពឹងថា កីឡាប្រដាល់គុនខ្មែរ ក៏នឹងទទួលបានមេដាយមាស។

ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានឧបត្ថម្ភថវិកាម្នាក់ៗ ៥០០ដុល្លារ ដល់ប្រតិភូកីឡារបស់កម្ពុជា។ បើតាម លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៏ និងជាប្រធានគណៈកម្មាធិការជាតិកីឡាអូឡាំពិកកម្ពុជា បានបញ្ជាក់ថា ប្រតិភូកីឡាករ កីឡាការិនី នឹងចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅហ្វីលីពីន មានចំនួន៤៤៧នាក់ មាន៣១ប្រភេទ ក្នុងចំណោម៥៦ប្រភេទកីឡា៕