រដ្ឋមន្ត្រី ព្រុំ សុខា ចូលរួមសន្និបាតបូកសរុបលទ្ធផលការងារ៥ឆ្នាំកន្លងទៅ និងលើកទិសដៅបន្តអាណត្តិទី៥ របស់គណបក្សឃុំបឹងព្រះ


 (បាភ្នំ-ព្រៃវែង)៖ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងារស្រុកបាភ្នំ និង សហការី បានចូលរួមសន្និបាតគណៈកម្មាធិការបក្សឃុំបឹងព្រះ ដែលរៀបចំឡើងដើម្បីបូកសរុប លទ្ធផលសកម្មភាពការងារអាណត្តិទី៤ (២០១៧-២០២២) និងលើកទិសដៅបន្តសំរាប់អាណត្តិទី៥ (២០២២-២០២៧)។

សន្និបាតនេះបានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ នៅទីស្នាក់ការគណបក្ស ប្រជាជនឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ដោយមានការចូលរួមពីសំណាក់ សមាជិក សមាជិកា គណៈកម្មាធិការ បក្សឃុំ គណៈសាខាបក្សភូមិ គណៈសាខាបក្សចំណុះឱ្យឃុំ និងប្រធានក្រុមបក្ស សរុបអ្នកចូលរួមមានជាង ៣០០នាក់។

ក្រោយពីមតិស្វាគមន៍របស់លោក អ៊ីវ លាង ប្រធានក្រុមការងារឃុំ និងការធ្វើរបាយការណ៍របស់ លោក ណុប ចឹក ប្រធានគណៈកម្មាធិការបក្សឃុំបឹងព្រះ ស្តីពីលទ្ធផលអនុវត្តការងារអាណត្តិទី៤ និងផែនការអភិវឌ្ឍឃុំសំរាប់រយៈពេល៥ឆ្នាំខាងមុខ ព្រមទាំងការអនុម័តរបស់អង្គសនិ្នបាតលើឯក សារទាំងនេះរួចមក លោករដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំ បានថ្លែងកោតសរសើរ ក្នុងនាមថ្នាក់ដឹកនាំគណបក្ស ជូនដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ និង មន្រ្តីនៅមូលដ្ឋាន ដែល បានចូលរួមយ៉ាងសកម្មក្នុងការអនុវត្ត សម្រេចដោយជោគជ័យនូវរាល់ គោលនយោបាយ គោល ការណ៍ និង សេចក្តីសម្រេចរបស់គណបក្ស ដែលបាននាំមកនូវ សមិទ្ធផលជាច្រើន គួរជាទីមោទនៈ ក្នុងមួយអាណត្តិកន្លងមក។

ឯកឧត្តម រដ្ឋមន្រ្តីក៏បានសំដែងនូវអំណរសាទរ ចំពោះបេក្ខជនទាំងអស់ ដែលត្រូវបានជ្រើសរើសជា ផ្លូវការ សំរាប់ចូលរួមការប្រកួតប្រជែងក្នុងការ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នាពេល ខាងមុខ។ ថ្លែងមតិបូកសរុបបិទសន្និបាតលោករដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំ បាន គូសបញ្ជាក់រំលឹកដល់អង្គសន្និបាត ត្រូវបន្តជំរុញចលនាសកម្មភាពយ៉ាងសស្រោកសស្រាំ ដើម្បី អនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ក្នុងឆ្នាំ២០២២នេះ។

យើងទាំងអស់គ្នា ត្រូវធ្វើជាគំរូឈានមុខក្នុងការជំរុញយ៉ាងសកម្ម នូវសកម្មភាពជាក់ស្ដែង ជាអំពើល្អតាមគ្រប់រូបភាព នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

ក្នុងន័យនេះ មន្ត្រីមូលដ្ឋានយើង ត្រូវធ្វើជាស្នូលឱ្យកំលាំងសាមគ្គីរបស់ប្រជាពលរដ្ឋ ច្រើនកុះករនៅ តាមសហគមន៍មូលដ្ឋាន ភូមិ ឃុំ ចូលរួមកាន់តែខ្លាំងក្លាថែមទៀត បន្តគាំទ្រចលនាជាតិស្ថិតក្រោម មគ្គុទ្ទេសក៍ដ៏ថ្លៃថ្លារបស់សម្ដេចតេ ជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា និង រាជរដ្ឋា ភិបាលកម្ពុជាក្នុងការប្រយុទ្ធទប់ស្កាត់ និងគ្រប់គ្រងឱ្យបានការរាតត្បាតនៃកូវីដ-១៩ និងការដោះ ស្រាយរាល់ផលវិបាកនៃជំងឺដ៏កាចសាហាវនេះ ដើម្បីជំរុញដំណើរការបើកសេដ្ឋកិច្ច និងសង្គមជាតិ ឱ្យមានប្រក្រតីភាពឡើងវិញយ៉ាងឆាប់រហ័ស សំដៅបង្កឱ្យបានប្រៀបឈ្នះយ៉ាងរឹងមាំ របស់កំលាំង នយោបាយគណបក្សយើងឈានទៅដណ្តើមជ័យជម្នះទាំងស្រុង សម្រាប់ការបោះឆ្នោតឆ្នាំ២០២២ និង២០២៣ខាងមុខ៕