ជប៉ុនផ្ដល់ជំនួយជិត២០ម៉ឺនដុល្លារដល់សង្គមស៊ីវិលសម្រាប់ការអប់រំពីបរិស្ថាន

ភ្នំពេញ ៖ តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កាលពីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា នេះ បានចុះហត្ថលេខាផ្តល់ ជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនចំនួន ១៩១.៧៤៤ដុល្លារ ដល់អង្គការ Nature Center Risen ក្រោមគ្រោងការណ៍ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុន សម្រាប់គម្រោងសម្រេចឱ្យបាននូវបរិស្ថានរស់នៅប្រកបដោយចីរភាពតាមរយៈការអប់រំបរិស្ថាន តាមបែបអនុវត្តជាដើម នៅវិទ្យាស្ថានគរុកោសល្យ (TEC) ឆ្នាំទី៣។

ពិធីចុះហត្ថលេខាលើជំនួយឥតសំណងនេះបានធ្វើឡើងដោយក្រោមវត្តមាន លោក មិកាមិ ម៉ាសាហ៉ីរ៉ូ ឯកអគ្គរាជទូតជប៉ុនវិសាមញ្ញ និងពេញសមត្ថភាពប្រចាំកម្ពុជា និងលោកស្រី អ៊ីវ៉ាម៉ា មីយ៉ូកុ នាយិកាអង្គការ ature Center Risen នៅឯស្ថានទូតជប៉ុន។

ក្នុងគម្រោងនេះ អង្គការ Nature Center Risen នឹងបង្កើតប្រព័ន្ធបណ្តុះបណ្តាលអំពីបរិស្ថានអប់រំ ជាបន្តបន្ទាប់ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់អនុវិទ្យាល័យ ក្នុងប្រទេសកម្ពុជា តាមរយៈការកែសម្រួលសៀវភៅណែនាំសម្រាប់គ្រូបោះពុម្ពសៀវភៅអប់រំ បរិស្ថាន និងផ្តល់ការគាំទ្រ ដល់មជ្ឈមណ្ឌលគរុកោសល្យមត្តេយ្យ។ វានឹងជួយធ្វើឱ្យប្រជាជនកម្ពុជា កាន់តែយល់ដឹងអំពីបញ្ហាបរិស្ថាន។

កម្មវិធីជំនួយឥតសំណង សម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជា តាំងពីឆ្នាំ២០០២ ដើម្បីគាំទ្រដល់សកម្មភាពអង្គការក្រៅរដ្ឋាភិបាលជប៉ុន ក្នុងកិច្ចខិតខំប្រឹងប្រែង​ ដើម្បីជួយដល់ការអភិវឌ្ឍនិងស្ថាបនាប្រទេសកម្ពុជាឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ចាប់តាំងពីឆ្នាំ២០០២ មក រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង៣៧លានដុល្លារអាមេរិក ដល់គម្រោងចំនួន១២១ ដែលផ្តោតសំខាន់ទៅលើវិស័យអប់រំនៅកម្រិតមូលដ្ឋាន វិស័យសុខាភិបាល វិស័យកសិកម្ម និងសកម្មភាពបោសសម្អាតមីនក្នុងប្រទេសកម្ពុជា ។

តាមរយៈគម្រោងនេះយើងរំពឹងថា នឹងជួយលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនកម្ពុជាអំពីការអភិរក្សបរិស្ថាន ដើម្បីអភិរក្សធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា និងកែលម្អបរិស្ថានរស់នៅរបស់ប្រជាជន៕