វិស័យឯកជនចាប់ផ្ដើមរៃអង្គាសដើម្បីជួយមន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ ៖ តបតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាកាកបាទក្រហមកម្ពុជាផងនេះ ក្រុមហ៊ុនធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា បានរៃអង្គាសថវិកា និងរៀបចំនូវកម្មវិធីសប្បុរសធម៌នានា ដើម្បីប្រមូលថវិកាជួយទ្រទ្រង់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់អោយមន្ទីរពេទ្យនេះ បន្តសកម្មភាពរបស់ខ្លួន ក្នុងការជួយសង្គ្រោះកុមារកម្ពុជាបន្តទៀត ។

កាលពីរាត្រីថ្ងៃទី ១៦ វិច្ឆិកា កន្លងទៅនេះ ក្រុមហ៊ុន វិនិយោគអចលនទ្រព្យដ៏ធំមួយ នៅតាមបណ្ដោយមហាវិថី សម្ដេចហ៊ុនសែន ឬហៅថាផ្លូវ៦០ម៉ែត្រ បានរៀបចំការប្រគំតន្ដ្រីសប្បុរសធម៌មួយឈ្មោះថា R&F High Fun ដោយបានការអញ្ចើញតារាចម្រៀងល្បីៗ ក្នុងព្រះរាជាណាចក្រកម្ពុជាចូលរួមផងដែរដូចជា លោកឆន សុវណ្ណារាជ លោក បូរ៉ា ដារ៉ាណា កញ្ញាឈិន រតនៈ ជាដើម ។

លោក Xu Wenshui ហ្ស៊ូ វិនឆូវ អគ្គនាយកគ្រប់គ្រងនៃក្រុមហ៊ុន អ&អេហ្វ កម្ពុជា បានអោយដឹងថា ក្នុងនាមជាក្រុមហ៊ុនអចលនទ្រព្យចិនឈានមុខមួយនៅកម្ពុជា ហើយក៏ជាអ្នកស្ថាបនា និងប្រតិបតិ្តការទីក្រុងដ៏ប្រពៃនេះ យើងមិនភ្លេចពីបេសកកម្មរបស់ខ្លួនចំពោះទំនួលខុសត្រូវក្នុងសង្គម និងការអភិវឌ្ឍអនាគតកាលឡើយ ។ ដូច្នេះហើយទើប ក្រុមហ៊ុន អ&អេហ្វ កម្ពុជា រួមគ្នាជាមួយនឹង មូលនិធិគន្ធបុប្ផាកម្ពុជា បង្កើតកម្មវិធីសប្បុរសធម៌តាមបែបយុវវ័យ ក្នុងឱកាសពិធីបុណ្យអុំទូក ដើម្បីទ្រទ្រង់ដល់វិស័យសុខាភិបាលកុមារកម្ពុជា ព្រមទាំងអំពាវនាវ និងសង្ឃឹមថានឹងអាចមានអ្នកចូលរួមក្នុងការងារសប្បុរសធម៌កាន់តែច្រើនឡើងៗផងដែរ ។

លោកបន្តថា សកម្មភាពរបស់ក្រុមហ៊ុន អ & អេហ្វកម្ពុជា នៅពេលនេះ គឺដើម្បីគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការជួយសង្គ្រោះកុមារកម្ពុជា ជាច្រើននាក់ ដែលត្រូវការជួយសង្គ្រោះជាពិសេសចំពោះកុមារដែលឪពុកម្ដាយក្រីក្រ មិនមានលទ្ធភាពព្យាបាលនៅមន្ទីរពេទ្យថ្លៃៗផងដែរ ។

លោកបានសង្កត់ធ្ងន់ថា កម្ពុជា គឺជាប្រទេសក្មេងខ្ចីមួយ ដែលរមែងផ្លាស់ប្ដូររបត់គំនិតរបស់ពិភពលោក ម្ដងហើយម្ដងទៀត ។ មិនថាសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច ឬបម្រែបម្រួលនៃសំណង់អគារក្នុងទីក្រុងនោះទេ គឺ សុទ្ធតែបានបង្ហាញពីសមត្ថភាព និងភាពលូតលាស់ដ៏លេចធ្លោ ។ ហេតុដូច្នេះហើយទើប ក្រុមហ៊ុន អ&អេហ្វ គ្រុប បានពាំនាំមកនូវ “បុរីមជ្ឈមណ្ឌលភ្នំពេញ” កាលពីឆ្នាំ2018 ដែលជាបុរីឧទ្យានស្ដង់ដារអន្តរជាតិដំបូងគេនៅរាជធានីភ្នំពេញ នៅលើទំហំផ្ទៃដី 56 ម៉ឺនម៉ែត្រការ៉េ ដោយបង្កើតជាតំបន់រស់នៅលំដាប់ខ្ពស់ឈានមុខគេ ។

គួរបញ្ជាក់ថានៅក្នុងរាត្រីនោះ ថវិកាដែលក្រុមហ៊ុន R&F ប្រមូលបាននិងប្រគល់ជូនមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា មានចំនួន១២លានរៀល ដែលថវិកានេះ ប្រមូលបានកាលពីអំឡុងថ្ងៃបុណ្យអុំទូក ពីការធ្វើយុទ្ធនាការ ជួយមន្ទីរពេទ្យគន្ធបុប្ផា ៕