ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ស្នើក្រសួងពាក់ព័ន្ធពិនិត្យឡើងវិញ ចំពោះការនាំចូលសារធាតុគីមីផ្សំ វេជ្ជសាស្រ្តមួយចំនួន ក្រោយរកឃើញទីតាំងផលិតគ្រឿងញៀនក្នុងស្រុក


 (ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានស្នើ ក្រសួងពាក់ព័ន្ធទាំងអស់ ពិនិត្យឡើងវិញចំពោះការនាំចូលសារធាតុគីមីផ្សំវេជ្ជសាស្រ្តមួយចំនួន ដែលនាំចូលមកប្រើប្រាស់ ក្នុងប្រទេសកម្ពុជា និងអាចកែច្នៃចេញជាគ្រឿងញៀន ខណៈថ្មីៗនេះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវរកឃើញទីតាំងផលិតគ្រឿងញៀនក្នុងស្រុក។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំស្ដីពីការពង្រឹងយន្តការអន្តរក្រសួងត្រួតពិនិត្យ សារធាតុគីមីផ្សំគ្រឿងញៀន នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នេះ នៅទីស្ដីការគណៈរដ្ឋមន្រ្តី, ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រុម ឈ្មួញជួញដូរគ្រឿង និងក្រុមអ្នកផលិតគ្រឿងញៀន បានផ្លាស់ប្ដូរទិសដៅ ពីការដឹកជញ្ជូនគ្រឿង ញៀនពីតំបន់មួយទៅមួយ ឬពីប្រទេសមួយទៅប្រទេសមួយទៀត មកផលិតផលគ្រឿងញៀន នៅក្នុងតំបន់វិញ ដើម្បីងាយស្រួលក្នុងការចែកចាយ។

នាឱកាសនោះដែរ ឧបនាយករដ្ឋមន្រ្តី បានបន្តថា កាលដែលក្រុមឈ្មួញ និងក្រុមអ្នកផលិតគ្រឿង ញៀន ផ្លាស់ទិសដៅផលិតនៅនឹងកន្លែងបែបនេះ គឺដោយសារតែវិបត្តិជំងឺកូវីដ១៩ ជាសកល ដែល ធ្វើឱ្យការដឹកជញ្ជូនទំនិញ ឬការដឹកជញ្ជូនគ្រឿងញៀន មានការរិតបន្តឹងខ្លាំងនៅតាមតំបន់ព្រំដែន ទាំងជើងគោក ជើងទឹក និងជើងអាកាស។

ពាក់ព័ន្ធទៅនឹងស្ថានការណ៍វិវឌ្ឍន៍ថ្មីនេះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានស្នើដល់ក្រសួង សុខាភិបាល និងក្រសួងឧស្សាហ៍កម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងពាក់ព័ន្ធ ទាំងអស់ បង្កើនការត្រួត លើមុខទំនិញវិជ្ជសាស្រ្ត ដូចជាសារគីមីផ្សំ និងថ្នាំវេជ្ជសាស្រ្តមួយចំនួន ដែលនាំចូលពីក្រៅប្រទេស ចូលមកក្នុងប្រទេសកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ដើម្បីបង្ការទប់ស្កាត់ កុំឱ្យប្រទេសកម្ពុជា ក្លាយទៅជាគោលដៅសំខាន់ នៃផលិតគ្រឿងញៀន។

ជាមួយនឹងការកោតសសើរ និងអរគុណដល់ក្រសួង-ស្ថាប័ន អង្គភាព ដែលបានបង្ហាញពីកិច្ចខិត ខំរបស់ខ្លួនក្នុងការចូលរួមត្រួតពិនិត្យគ្រឿងញៀន, ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានបន្តដាក់ ចេញនូវការណែនាំមួយចំនួន និងជំរុញឱ្យរៀបចំផែនការឱ្យបានឆាប់ក្នុងនោះ ត្រូវរំលេចនូវការងារ ភូមិឃុំសង្កាត់-ស គ្មានគ្រឿងញៀន ការងារត្រួតពិនិត្យសារធាតុគីមីផ្សំនៅតាមបណ្តាទីតាំងពាក់ព័ន្ធ នានា ការសម្អាតប្រាក់ និងប្រភពហិរញ្ញវត្ថុពាក់ព័ន្ធនឹងករណីគ្រឿងញៀនធំៗ និងរៀបចំឯកសារ បទដ្ឋានគតិយុត្ត និងផ្សព្វផ្សាយពាក់ព័ន្ធយន្តការ រចនាសម្ព័ន្ធ លក្ខខណ្ឌនានាដល់អ្នកពាក់ព័ន្ធ ពិសេសរោងចក្រ សហគ្រាស ដែលប្រើប្រាស់សារធាតុគីមី។ល។

បើតាម លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា សម្រាប់ កិច្ចការងារត្រួតពិនិត្យសារធាតុគីមីផ្សំគ្រឿងញៀននេះ ក្រសួងសុខាភិបាលបានធ្វើការយ៉ាងជិតស្និត បំផុតជាមួយអង្គការ សុខភាពពិភពលោក និងស្ថាប័នពាក់ព័ន្ធមួយចំនួននៅក្រៅប្រទេស ក្នុងការ ផ្លាស់ប្ដូរព័ត៌មានជូនគ្នាទៅវិញទៅមក ដើម្បីគ្រប់គ្រងការនាំចូលសារធាតុគីមីផ្សំ មកផលិតជាឱស ថនៅក្នុងប្រទេសកម្ពុជាខណៈឱសថញៀនក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការប្រើប្រាស់នៅក្នុងវិស័យវេជ្ជសាស្រ្តនៅក្នុងប្រទេសដើម្បីព្យាបាលអ្នកជំងឺ។

ពាក់ព័ន្ធទៅនឹងការអនុញ្ញាតឱ្យរោងចក្រនាំចូលសារធាតុផ្សំផលិតចេញជាឱសថនោះ លោកជំទាវ វេជ្ជបណ្ឌិត បានបញ្ជាក់ថា គឺមានរោងចក្រ ត្រឹម១០ភាគរយតែប៉ុណ្ណោះ ដែលអាចមានសមត្ថភាព ផលិតចេញជាឱសថ ខណៈ៩០ភាគរយទៀត គឺនាំចូលឱសថដែលផលិតរួចជាស្ថាពរពីក្រៅប្រទេស ។ ទន្ទឹមនឹងនេះចំពោះរោងចក្រដែលក្រសួងអនុញ្ញានោះ គឺមន្រ្តីជំនាញមានការត្រួតពិនិត្យយ៉ាងតឹង រឹងបំផុត ទាំងការនាំចូល និងការផលិតឱសថ មុននឹងអនុញ្ញាតឱ្យម្ចាស់រោចក្រ និងសហគ្រាស ចែកចាយឱសថដែលបានស្នើសុំការផលិតនោះលក់នៅលើទីផ្សារ៕