(តូក្យូ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២បានអោយដឹងថា ប្រព័ន្ធផ្សព្វផ្សាយជប៉ុន នៅថ្ងៃចន្ទនេះបានឱ្យដឹងថារដ្ឋាភិបាលទីក្រុង តូក្យូ កំពុងត្រៀមប្រកាសភាពអាសន្នមួយសម្រាប់កោះ Okinawa ដោយសារតែ ការកើនឡើង ករណីឆ្លង COVID-19 យ៉ាងគំហុក។
បើតាមសារព័ត៌មានជប៉ុន Mainichi ការប្រកាសណាមួយអាចនឹងធ្វើឡើងនៅក្នុងសប្ដាហ៍នេះ ហើយវាអាចនឹងក្លាយជាការប្រកាសភាពអាសន្នជាលើកដំបូង ចាប់តាំងពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២១កន្លងទៅមក ជាពេលជប៉ុនលុបចោលការប្រកាសភាពអាសន្នទាំងលក្ខណៈទាំងស្រុង និងមួយផ្នែក។ Mainichi បន្ថែមថា ការប្រកាសភាពអាសន្នសម្រាប់កោះ Okinawa នឹងមាន លក្ខណៈមួយផ្នែក ពោលគឺមិនមែនជាការប្រកាសអាសន្នបន្ទាន់ទាំងស្រុងនោះទេ ដោយវិធានការ ដែលនឹង ត្រូវដាក់ចេញក្នុងនោះរួមមានការកំណត់រយៈពេលនៃការបើកដំណើរការអាជីវកម្មប្រចាំថ្ងៃ ដូចជាភោជនីយដ្ឋាន និងក្លឹបរាត្រីជាដើម៕