លោក ឌូតឺតេ អះអាងថា គ្មានថ្ងៃដែលលោកត្រូវសុំទោស ចំពោះអ្នកស្លាប់ដោយសារ សង្គ្រាម គ្រឿងញៀននោះឡើយ


 (ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) បានថ្លែងនៅថ្ងៃ អង្គារសប្តាហ៍នេះថា យើងនឹងគ្មានថ្ងៃសុំទោសឡើយ ចំពោះជនសង្ស័យ, អ្នកប្រើប្រាស់ និងអ្នក ជួញដូរគ្រឿងញៀន ដែលបានស្លាប់នៅក្នុងប្រតិបត្តិការបង្ក្រាប ដោយប៉ូលិសជាតិហ្វីលីពីននោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២។

យោងតាមទិន្នន័យពីរដ្ឋាភិបាលហ្វីលីពីនផ្ទាល់ ជនសង្ស័យពាក់ព័ន្ធគ្រឿងប្រមាណជាង ៦,២០០ នាក់ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការបង្ក្រាបចាប់ពីខែមិថុនា ឆ្នាំ២០១៦ ដល់ខែវិច្ឆិកា ឆ្នាំ២០២១ ។ កន្លងមកនេះ ក្រុមអ្នកការពារសិទ្ធិមនុស្ស បានរិះគន់អ្នកអនុវត្តច្បាប់នៅហ្វីលីពីន អំពីការសម្លាប់ សូម្បីតែជនសង្ស័យ ប៉ុន្តែប៉ូលិសហ្វីលីពីនបានឆ្លើយតបវិញថា ពួកគេបានសម្លាប់តែ ជនសង្ស័យ ប្រដាប់ដោយអាវុធ និងបង្កអំពើហិង្សាប្រឆាំងនឹងការចាប់ខ្លួនប៉ុណ្ណោះ។

ជុំវិញការចោទសួរសាជាថ្មី អំពីភាពទទួលខុសត្រូវក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀននេះ លោក Duterte បានថ្លែងទៅកាន់ប្រជាជាតិលោកទាំងមូលថា «ខ្ញុំនឹងគ្មានថ្ងៃ… គ្មានថ្ងៃសុំអភ័យទោស ចំពោះការស្លាប់ទាំងនោះឡើយ…។ សម្លាប់ខ្ញុំទៅ… ចាប់ខ្ញុំដាក់គុកទៅ… ខ្ញុំនឹងមិនសុំទោសជា ដាច់ខាត»

សូមជម្រាបថា នៅក្នុងការថ្លែងសារស្វាគមន៍ឆ្នាំថ្មី ទៅកាន់ប្រជាជាតិ, លោក Duterte បានសន្យា ការពារមន្ត្រីមានសមត្ថកិច្ច នៅក្នុងការបំពេញកាតព្វកិច្ចរបស់ពួកគេ ហើយប្រធានាធិបតីហ្វីលីពីន រូបនេះ ក៏បានប្រាប់ពួកគេឲ្យប្រយុទ្ធតស៊ូដើម្បីការពារជីវិត នៅពេលស្ថិតក្នុងគ្រោះថ្នាក់ផងដែរ៕