(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ ២០២២នេះ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពី ដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេស អេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១។
កីឡាការិនី អ៊ុក ស្រីមុំ បានបន្ថែមកំណត់ត្រាពិភពលោកថ្មីមួយទៀត បន្ដតំណែងវីរកីឡាការិនី កែ ឡេង ក្រោយដណ្ដើមបានមេដាយមាស នៃការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២១ នៅប្រទេសអេស្ប៉ាញ លើវិញ្ញាសាវាយយកពិន្ទុ(ផ្នែកនារី) កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។ការដណ្តើមបានមេដាយមាសពិភពលោករបស់វីរកីឡាការិនី អ៊ុក ស្រីមុំ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ គឺជាការទទួលបានមេដាយមាសកម្រិតពិភពលោក៥សម័យកាលជាប់គ្នា សម្រាប់កីឡា ការិនីកម្ពុជា លើការប្រកួតកីឡាប៉េតង់លើវិញ្ញាសាវាយពិន្ទុ។ ក្នុងនោះវីរកីឡាការិនី កែ ឡេង ធ្លាប់ ឈ្នះ ៤សម័យកាលរួមមាន៖ ឆ្នាំ២០១៣ នៅបារាំង, ឆ្នាំ២០១៥ នៅថៃ, ឆ្នាំ២០១៧ នៅចិន និងឆ្នាំ ២០១៩ នៅប្រទេសកម្ពុជា។
ការដណ្តើមបានមេដាយមាសពិភពលោករបស់វីរកីឡាការិនី អ៊ុក ស្រីមុំ ជាការបំបែកកំណត់ត្រា ពិភពលោកនៃការបន្តឈ្នះរបស់កម្ពុជាចំនួន៥សម័យកាល បន្ទាប់ពីលោកស្រី កែ ឡេង ដោយមិន ទាន់មានកីឡាការិនីប្រទេសណាដណ្តើមពីកម្ពុជាបានឡើយ។
សូមបញ្ជាក់ថា ការប្រកួតកីឡាប៉េតង់លើវិញ្ញាសាវាយពិន្ទុនៅប្រទេសអេស្បាញ បានដំណើរការ ប្រកួតពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា។ កីឡាការិនី អ៊ុក ស្រីមុំ បានបញ្ចប់ការប្រកួតជម្រុះបឋម លើវិញ្ញាសាវាយយកពិន្ទុ ដោយឈរចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមកីឡាការិនីខ្លាំងៗលើពិភព លោក ៣៦រូប។
បន្ទាប់មកកីឡាការិនី អ៊ុក ស្រីមុំ បានទម្លាក់កីឡាការិនីកាណាដា ក្នុងវគ្គ ៨នាក់ចុងក្រោយ ដោយពិន្ទុ ២៩-២ និងទម្លាក់កីឡាការិនីន័រវេស ដោយពិន្ទុ ២៥-១៨ មុនបន្ដយកឈ្នះកីឡាការិនីថៃ ដោយពិន្ទុ ៣៧-២៩ ដើម្បីក្លាយជាម្ចាស់មេដាយមាសតែម្ដង។ រីឯវិញ្ញសាក្រុមនារី ៣ ទល់ ៣ ក្រុមប៉េតង់កម្ពុជា បានធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ។
សូមបញ្ជាក់ដែរថា វីរកីឡាការិនី អ៊ុក ស្រីមុំ ក៏ធ្លាប់ដណ្តើមបានមេដាយមាសពិភពលោកកាលពីឆ្នាំ២០១៧ផងដែរ តែ លើវិញ្ញាសាឯកត្តជន។ កីឡាប៉េតង់នេះ វីរកីឡាករ សុខ ចាន់មាន ក៏ធ្លាប់ដណ្តើមបានមេដាយមាសកម្រិតពិភពលោកនេះ ផងដែរលើវិញ្ញាសាឯកត្តជន។
សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ចំពោះកីឡាករ កីឡាការិនី ដែលជាតំណាង របស់ជាតិ។ ដើម្បីលើកទឹកចិត្តដល់កីឡាករ និងកីឡាការិនី ដែលបានប្រឹងប្រែងហ្វឹកហាត់នោះ សម្តេចតេជោ បានចេញអនុក្រឹត្យដោយកំណត់ផ្តល់ប្រាក់រង្វាន់ប្រមាណ ៤០លានរៀល សម្រាប់ កីឡាករ កីឡាការិនី ដែលដណ្តើមបានមេដាយកម្រិតពិភពលោកលើការប្រកួតប៉េតង់នេះ៕