(អាមេរិក)៖ Facebook ត្រូវបានគេទទួលស្គាល់ថាជាបណ្ដាញសង្គមដែលមានអ្នកប្រើប្រាស់ច្រើន ជាងគេបំផុតនៅក្នុងពិភពលោកហើយក៏ជាបណ្ដាញសង្គមមួយដែលមានបញ្ហាគាំងច្រើនជាងគេផងដែរ ដោយនៅក្នុងឆ្នាំ ២០២១កន្លងទៅនេះគេសង្កេតឃើញថា Facebook បានគាំង ជាច្រើនដង ប៉ុន្តែការគាំងមិនដំណើរការដែលធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់នោះគឺមាន៤ដងធំៗ។យោងតាមរបាយការណ៍ដែលបង្ហាញនៅលើគេហទំព័រ Wikipedia បានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ កម្មវិធីផ្ញើសារ Facebook Messenger និង Instagram ត្រូវបានគេរាយការណ៍មកថា កើតមានបញ្ហា មិនអាចផ្ញើសារបានដោយបញ្ហានេះកើតមាននៅលើអ្នកប្រើប្រាស់មួយចំនួនធំនៅជុំវិញពិភព លោក។ ក្រោយមកទៀត នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ បណ្ដាញសង្គម Facebook បានគាំង អស់រយៈពេលជាយូរ និងប៉ះពាល់ដល់អ្នកប្រើប្រាស់ជាច្រើននៅជុំវិញពិភពលោក ដោយក្នុងនោះ បណ្ដាញសង្គម Instagram និង WhatsApp ក៏រងផលប៉ះពាល់ផងដែរ។
នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ សារព័ត៌មាន Dows Dectector បានចេញផ្សាយថា បណ្ដាញ ទំនាក់ទំនងសង្គមយក្ស Facebook បានគាំងនៅជុំវិញពិភពលោក និងបានធ្វើឱ្យប៉ះពាល់ដល់អ្នក ប្រើប្រាស់មិនអាចចូលទៅប្រើបានទាំងនៅលើកុំព្យូទ័រ និងនៅលើទូរស័ព្ទដៃ ហើយការគាំងនេះទៀត សោតគឺមិនត្រូវបាន Facebook បញ្ជាក់ពីមូលហេតុឡើយ។
នៅថ្ងៃចន្ទ ទី០៤ ខែតុលា ឆ្នាំ២០២១ បណ្ដាញសង្គម Facebook បានគាំងជាលក្ខណ:ទ្រង់ទ្រាយធំ ហើយបើតាមការបញ្ជាក់ពីសំណាក់ Dows Dectector គឺបានគាំងប្រហែលជា ៦ ទៅ៧ម៉ោង ដោយក្នុងនោះ Facebook, Instagram, WhatsApp និង Messenger គឺមិនអាចប្រើប្រាស់បាន ទាំងអស់។
នៅក្នុងអំឡុងពេលនៃការគាំងរបស់ Facebook លើកចុងក្រោយនេះ បានធ្វើឱ្យអ្នកប្រើប្រាស់ មួយចំនួនរត់ទៅប្រើកម្មវិធីផ្សេងវិញ ជាពិសេសគឺ កម្មវិធី Telegram និង Twitter៕