ថ្ងៃទី១ មានទេសចរបរទេសជិត២ពាន់នាក់អង្គុយទស្សនាការប្រណាំងទូកលើវេទិកាទេសចរណ៍

ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា ក្នុងថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែ មានភ្ញៀវទេសចរបរទេសជិត ២ពាន់នាក់ បានចូលអង្គុយ ទស្សនាការប្រណាំងទូក និងបណ្ដែតប្រទីបលើវេទិកាទេសចរណ៍។

លោករដ្ឋមន្ត្រីថា ជារៀងរាល់ឆ្នាំ ក្រសួងទេសចរណ៍ បានរៀបចំឲ្យមានវេទិកាទេសចរណ៍ សម្រាប់ឲ្យភ្ញៀវទេសចរចូលទស្សនាការប្រណាំងទូក បណ្ដែតប្រទីប អកអំបុក សំពះព្រះខែនៅមុខព្រះរម រាជវាំង រយៈពេលបីថ្ងៃពេញ។ វេទិកាទេសចរណ៍នេះមានការបកប្រែជា៣ភាសា ភាសាអង់គ្លេស បារាំង និងភាសាចិន ព្រមទាំងមានការផ្តល់ជូននូវទឹកបរិសុទ្ធ ភេសជ្ជៈ និងសេវាកម្មផ្សេងៗដល់ភ្ញៀវទៀតផង ដែលការរៀបចំវេទិកាទេសចរណ៍នេះ គឺដើម្បីឲ្យភ្ញៀវទេសចរបានកម្សាន្ត និងស្វែងយល់ពីប្រពៃណី ទំនៀមទម្លាប់ វប្បធម៌របស់ខ្មែរ។

លោក ថោង ខុន បានបញ្ជាក់ថា ការរៀបចំវេទិកាទេសចរណ៍សម្រាប់អង្គុយទស្សនាការ ប្រណាំងទូកនៅមុខព្រះរមរាជវាំងនេះ ជាការទាក់ទាញភ្ញៀវវទេសចរអន្តជាតិឱ្យមកកម្ពុជាកាន់តែច្រើន ជាពិសេសលើកទឹកចិត្តដល់ជនបរទេសស្វែងយល់ពីវប្បធម៌ខ្មែរថែមទៀតផង៕