លោក កឹម សុខា ជួបមន្ត្រីទូតអាមេរិក និងទូតបារាំង ក្រោយតុលាការក្រុងភ្នំពេញបន្ធូរបន្ថយលក្ខខណ្ឌ

ភ្នំពេញ ៖ ក្រោយពីត្រូវបានតុលាការក្រុងភ្នំពេញ សម្រេចបន្ធូរបន្ថយលក្ខខណ្ឌនីតិវិធីមួយចំនួន លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានអនុញ្ញាតឲ្យការក្រៅការឃុំខ្លួនក្នុងគេហដ្ឋានរបស់លោក ហើយនៅថ្ងៃទី១១ ខែវិច្ឆកានេះ លោកបានជួបជាមួយឯកអគ្គរដ្ឋទូតចំនួនពីរដាច់ដោយឡែកពីគ្នា គឺលោកជំទាវ អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និង ឯ.ឧ ផាទ្រីក មើភី ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា។ លោក មុត ចន្ថា បានបញ្ជាក់ថា ជំនួបនៅព្រឹកម៉ិញនេះ គឺគ្រាន់តែជាការសួរសុខទុក្ខធម្មតាប៉ុណ្ណោះ ដោយគ្មានបានពិភាក្សាអ្វីនោះទេ។

លោក មុត ចន្ថា មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ និងជានាយកខុទ្ទការល័យលោក កឹម សុខា បានបញ្ជាក់ប្រាប់អ្នកកាសែតនៅក្រោយជំនួបជាមួយលោកជំទាវ អេវ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាថា ជំនួបនៅព្រឹកម៉ិញនេះ គឺមិនបានជជែករឿងនយោបាយអ្វីនោះទេ ពោលគឺឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា គ្រាន់តែមកសួរសុខទុក្ខលោក កឹម សុខា ធម្មតា ដើម្បីចង់ដឹងពីបញ្ហាសុខភាពប៉ុណ្ណោះ។ បើតាមលោក មុត ចន្ថា បញ្ជាក់ថា លោក កឹម សុខា បានថ្លែងអរគុណលោកជំទាវទូតបារាំង អេវ៉ា ង្វៀន ប៊ិញ ចំពោះការប្រឹងប្រែងរបស់រដ្ឋាភិបាលបារាំង ដែលបានជួយជ្រោមជ្រែង ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាជាពិសេសការជួយរកយុត្តិធម៌សម្រាប់ខ្លួនលោកជាដើម។

បើតាមហ្វេសប៊ុកផេកផ្លូវការរបស់ស្ថានទូតបារាំងនៅកម្ពុជា បានសរសេរ ថា៖«សាលាដំបូងរាជធានីភ្នំពេញបានប្រកាសនៅថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ពីការបន្ធូរបន្ថយល័ក្ខខ័ណ្ឌនៃការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការចំពោះលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជាដែលត្រូវបានរំលាយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧។ អំណឹះតទៅ លោកមានសេរីភាពក្នុងការធ្វើដំណើរគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។ នេះគឺជាកាយវិការវិជ្ជមានមួយ។ ប្រទេសបារាំងសង្ឃឹមថា លោកកឹម សុខានឹងទទួលបាននីតិសម្បទាឡើងវិញក្នុងពេលឆាប់ៗខាងមុខ»។

ដោយឡែកនៅក្នុងជំនួបជាមួយ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា Patrick Murphy នៅរសៀលថ្ងៃនេះ លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ បានថ្លែងសារខ្លីជាលើកដំបូងទៅកាន់អ្នកកាសែត នៅល្ងាចថ្ងៃចន្ទនេះ លោក ពុំមានសិទ្ធិក្នុងការឆ្លើយតបទៅកាន់សំណួរផ្សេងៗទៅកាន់អ្នកកាសែត ដូចមុនទេ ក្រោយពីតុលាការកែសម្រួលលក្ខខណ្ឌខ្លះចំពោះរូបលោក ឱ្យមានសិទ្ធិសេរីភាព ប៉ុន្តែពុំមានសិទ្ធិធ្វើសកម្មភាពនយោបាយ។ លោក កឹម សុខា បានថ្លែងថា “ស្គាល់ទម្លាប់របស់លោក លោកចូលចិត្តអ្នកសារព័ត៌មាន លោកចូលចិត្តប្រជាពលរដ្ឋ។ ប៉ុន្តែជាអកុសល និងគួរឱ្យសោកស្តាយ ដោយសារគេហាមលោក មិនឱ្យធ្វើនយោបាយ និងមិននិយាយពីរឿងនយោបាយ។ នៅក្នុងសន្និសីទនោះ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាបានថ្លែងទៅកាន់អ្នកសារព័ត៌មានថា អាមេរិកចង់ឃើញកម្ពុជាដោះលែងសកម្មជនយោបាយទាំងអស់ឲ្យមានសេរីភាពពេញលេញឡើងវិញ ព្រោះវាជា ផ្នែកសំខាន់មួយដែលធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកកាន់តែល្អប្រសើរ។ លោកទូតអាមេរិក កត់សម្គាល់នូវជំហានឆ្ពោះទៅមុខដ៏មានកម្រិតមួយនេះប៉ុន្តែទទូចយ៉ាងខ្លាំងក្លាឲ្យអាជ្ញាធរស្តារឡើងវិញទាំងស្រុងនូវសេរីភាពនិងសិទ្ធិនយោបា ស្ថិតក្រោមរដ្ឋធម្មនុញ្ញកម្ពុជា។ សហរដ្ឋអាមេរិក អំពាវនាវឲ្យមានការដោះលែងដោយឥតលក្ខខណ្ឌ និងទម្លាក់បទចោទប្រកាន់ទាំងឡាយប្រឆាំងនឹងលោកកឹម សុខា និងអ្នកចំពោះអ្នក ដែលត្រូវបានចាប់ឃុំផ្សេងទៀត។

កាលពីថ្ងៃអាទិត្យកន្លងទៅ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកែប្រែលក្ខខណ្ឌខ្លះ ដោយសម្រេចឱ្យលោកដើរទៅទីណាក៏បាន នៅក្នុងប្រទេសកម្ពុជា លើកលែងតែចេញទៅក្រៅប្រទេស។ ប៉ុន្តែលោក កឹម សុខា គ្មានសិទ្ធិធ្វើសកម្មភាពនយោបាយនោះទេ។ ជាពិសេសលោក កឹម សុខា ត្រូវឆ្លើយតបនឹងការកោះហៅរបស់សមត្ថកិច្ចគ្រប់ពេល ដោយសារនៅតែស្ថិតនៅក្នុងការតាមដានរបស់តុលាការ។

សូមបញ្ជាក់ថា លោកកឹម សុខា ត្រូវបានតុលាការក្រុងភ្នំពេញបទប្រកាន់ពីបទសន្ធិដ្ឋិភាពដោយឃុបឃិតជាមួយបរទេសផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ លោកត្រូវបានចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារ ត្រពាំងផ្លុង ខេត្តត្បូងឃ្មុំកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧។ បន្ទាប់ពីឃុំខ្លួនអស់រយៈពេលជាង១ឆ្នាំ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងលោកពីការឃុំខ្លួននៅពន្ធនាគារ មកនៅនៅលំនៅដ្ឋាន នៅរាជធានីភ្នំពេញវិញកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨៕