ប្រទេសឥណ្ឌារកឃើញករណីវិជ្ជមាន «អូមីក្រុង» ចំនួន២០០ករណី នៅក្នុងរដ្ឋចំនួន ១២


 (ញូដេលី)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នារសៀលថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១ប្រាប់អោយដឹងថា ប្រទេសឥណ្ឌាដែលមានប្រជាជនច្រើនបំផុតលំដាប់លេខ ២ លើពិភពលោក រហូតដល់ទៅជិត ១,៤០០លាននាក់ ទើបតែបានរាយការណ៍ពីការរកឃើញ ករណីវិជ្ជមាននៃវីរុស COVID-19 បំប្លែងថ្មី Omicron សរុប ២០០ករណី នៅក្នុងរដ្ឋចំនួន ១២ ក្នុងចំណោមរដ្ឋសរុបទាំង ២៨ របស់ខ្លួន។

អាជ្ញាធរសុខាភិបាលឥណ្ឌាបានប្រកាសនៅថ្ងៃអង្គារនេះទៀតថា ចំនួនករណីវិជ្ជមាន Omicron បានកើនឡើងទ្វេដង ក្នុងរយៈពេលមួយសប្តាហ៍មកនេះ ប៉ុន្តែ ៤០% នៃអ្នកជំងឺបានជាសះស្បើយវិញហើយ។ អ្នកជំនាញជាន់ខ្ពស់ឥណ្ឌា ធ្លាប់បានអះអាងកាលពីពេលថ្មីៗនេះថា វីរុស COVID-19 បំប្លែងថ្មី Omicron ដែលមានប្រភពដើមពីអាហ្វ្រិកខាងត្បូងនោះ មិនអាចបង្កឲ្យអ្នកជំងឺឈឺធ្ងន់ ដូចជាវីរុសបំប្លែងខ្លួន Delta នោះឡើយ៕