ចែកម៉ូតូរ៉ឺម៉កដឹកដំរាមជាច្រើនគ្រឿងឲ្យខណ្ឌចំនួន៤ត្រៀមដឹកសំរាមក្នុងអំឡុងបុណ្យអុំទូក

ភ្នំពេញ ៖ រដ្ឋបាលសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៤ ខែវិច្ឆិកា នេះ បានប្រគល់ម៉ូតូរ៉ឺម៉ក ដឹកសំរាមបែបទំនើបៗជាច្រើនគ្រឿង ដែលអាចបែនចាក់សំរាមបាន ឲ្យដល់អាជ្ញាធរខណ្ឌចំនួន៤ សម្រាប់ត្រៀមក្នុងការចូលរួមថែរក្សាអនាម័យ បរិស្ថាន និងសោភណ្ឌភាពរាជធានី ក្នុងព្រះរាជពិធីបុណ្យអ៊ុទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ដែលនឹងឈានមកដល់ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ពិធីប្រគល់ ម៉ូតូរឺម៉កដឹកសំរាមជូនខណ្ឌទាំងបួននេះបានធ្វើឡើងក្រោមវត្តមាន លោក ឃួងស្រេង អភិបាលរាជធានីភ្នំពេញ។ ខណ្ឌដែលទទួលបានម៉ូតូដឹកសំរាមទំនើបៗនេះ រួមមាន៖ខណ្ឌជ្រោយចង្វារ, ខណ្ឌដូនពេញ, ខណ្ឌចំការមននិងខណ្ឌបឹងកេងកង ដើម្បីយកទៅប្រគល់ជូនបន្តទៅគ្រប់សង្កាត់ទាំងអស់ក្នុងខណ្ឌទាំងបួននេះ ខណៈដែលខណ្ឌទាំងបួនសុទ្ធតែជាខណ្ឌសំខាន់ៗនិងសកម្មបំផុត ក្នុងការត្រៀមប្រមូលយកសំរាម និងសំអាតដើម្បីសោភណ្ឌភាពទីក្រុង និងអនាម័យ បរិស្ថាន ក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអ៊ុទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ដែលនឹងធ្វើនៅបណ្តោយមាត់ទន្លេមុខព្រះបរមរាជ្យវាំង។

បើតាមការបញ្ជាក់ ពីលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានអោយដឹងថា ជាទិសដៅរដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការប្រគល់ជូនម៉ូតូដឹកសំរាមទំនើប ដែលអាចបែនចាក់សំរាមបាននេះ ទៅប្រគល់ជូនគ្រប់ខណ្ឌទាំង១៤ ដើម្បីប្រគល់បន្តអោយគ្រប់សង្កាត់ ងាយស្រួល ក្នុងការនាំយកកាក់សំណល ទៅចាក់ ឬ ប្រមូលផ្តុំនៅទីលាន ចាក់សំរាម ធ្វើយ៉ាងណាពន្លឿនការងារប្រមូលសំរាមនិងថែរក្សាបរិស្ថានអនាម័យ ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ អោយបានល្អប្រសើរ ជៀសវាងការថ្នាក់ថ្នាក់ពីសំណាក់ប្រជាពលរដ្ឋ ដែលមានកន្លងមក ខណៈដែលក្រុមហ៊ុនស៊ិនទ្រី ទទួលបន្ទុកក្នុងការប្រមូលសំរាម៕