(ម៉ានីល)៖ តាមការចេញផ្សាយដោយ ទីភ្នាក់សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១អោយដឹងថា កងកម្លាំងហ្វីលីពីននៅថ្ងៃអង្គារនេះ កំពុងខិតខំប្រឹងប្រែងយ៉ាងស្វាហាប់ ដើម្បីនាំយកជំនួយជាស្បៀងអាហារ និងទឹកទៅកាន់តំបន់រងគ្រោះ ដោយសារព្យុះទីហ្វុងកំណាច ដែលបានធ្វើឲ្យមនុស្សរាប់សែននាក់ បាត់បង់ជម្រក។
ទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយរបស់ហ្វីលីពីន បានឲ្យដឹងថា មនុស្សលើសពី៤០០,០០០នាក់ បាននិងកំពុងជ្រកកោននៅតាម កន្លែងសុវត្ថិភាពដែលរៀបចំដោយអាជ្ញាធរ ឬក៏ស្នាក់នៅជាមួយសាច់ញាតិ បន្ទាប់ពីលំនៅឋានរបស់ពួកគេបានរងការខូចខាត ឬត្រូវបានបំផ្លិចបំផ្លាញអស់ទាំងស្រុង ដោយព្យុះទីហ្វុងដ៏ខ្លាំងនោះ។
កងទ័ព ប៉ូលិស និងកងឆ្មាំសមុទ្រហ្វីលីពីន សរុបរាប់ពាន់នាក់ ត្រូវបានចល័តដើម្បីជួយនាំយកស្បៀងអាហារ ទឹកបរិភោគ និង ឱសថផ្សេងៗ ទៅចែកជូនអ្នកដែលកំពុងជួបទុក្ខលំបាកទាំងនោះ។ អង្គការកាកបាទក្រហម ក៏កំពុងចូលរួមជួយផងដែរ ហើយបានអំពាវនាវសុំថវិកាចំនួន២២លានដុល្លារ ដើម្បីយកទៅប្រើប្រាស់ ក្នុងកិច្ចប្រឹងប្រែងជួយសង្រ្គោះ និងស្តារឡើងវិញ។
សូមជម្រាបថា មនុស្សយ៉ាងហោច ៣៧៥នាក់ បានស្លាប់និងរាប់រយនាក់បានរងរបួស បន្ទាប់ពីព្យុះទីហ្វុងឈ្មោះ Rai បានវាយប្រហារលើ តំបន់ភាគខាងត្បូងនិងភាគកណ្តាល នៃប្រទេសប្រជុំកោះហ្វីលីពីន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន៕