សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតឡាវ ចូលជួបសម្តែងការគួរសម និងជម្រាបលា

 (ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ បានអនុញ្ញាតឱ្យ លោក អាំផៃ ឃីនដាវង្ស (Amphay Kindavong) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា។

ថ្លែងនៅក្នុងឱកាសនោះ លោក អាំផៃ ឃីនដាវង្ស បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះការរីកចម្រើនយ៉ាង ឆាប់រហ័សរបស់ប្រទេសកម្ពុជា បើទោះបីជារយៈពេលចុងក្រោយនេះ ប្រទេសកម្ពុជាជួបវិបត្តិនៃជំងឺកូវីដ-១៩ក៏ដោយ។ ក្នុងនោះផងដែរ ប្រទេសកម្ពុជាក៏ជាប្រទេសដែល សម្បូរបែប ដោយសម្បត្តិវប្បធម៌ និងបេតិកភ័ណ្ឌ ជាពិសេសប្រាសាទ អង្គរវត្ត និងប្រាសាទព្រះ វិហារ។ លោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា ទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ បានបង្ហាញ ឱ្យនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ តាមរយៈកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំតាម ប្រព័ន្ធវីដេអូ។

ជាពិសេស ការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលក្នុងនោះលោក បណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានដឹកនាំ គណៈប្រតិភូមកធ្វើទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាដោយទទួលបានលទ្ធផលដ៏ត្រចះត្រចង់។

លោកឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានជួយឧបត្ថម្ភគាំទ្រដល់ប្រទេសឡាវនាពេលកន្លងទៅ ជាពិសេសការជួយឧបត្ថម្ភផ្នែក ហិរញ្ញវត្ថុ វ៉ាក់សាំង និងឧបករណ៍វេជ្ជសាស្ត្រមួយចំនួន។

លោកឯកអគ្គរដ្ឋទូតបានកត់សម្គាល់ឃើញថា សភានៃប្រទេសទាំងពីរមានទំនាក់ទំនង និងកិច្ច សហប្រតិបត្តិការជា មួយគ្នាយ៉ាងល្អប្រសើរ ជាពិសេសទំនាក់ទំនងរវាងក្រុមមិត្តភាពព្រឹទ្ធសភា កម្ពុជា និងក្រុមមិត្តភាពរដ្ឋសភាឡាវ។

លោកសង្ឃឹមថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងគ្រប់ស្ថាប័នជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងនៅតែបន្តផ្តល់ការគាំទ្រដល់ឯកអគ្គរដ្ឋទូតថ្មី និងស្ថានទូតឡាវប្រចាំកម្ពុជាបន្តទៀត។

ក្នុងនាមព្រឹទ្ធសភាកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ លោកឯកអគ្គរដ្ឋទូតនៅកម្ពុជា ប្រកបដោយជោគជ័យ ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការនាំមកនូវផលប្រយោជន៍ សម្រាប់ប្រជាជននៃ ប្រទេសទាំងពីរដែលមានតាំពីយូរលង់ណាស់មកហើយ។

សម្តេចប្រធានព្រឹទ្ធសភាបានកត់សម្គាល់ឃើញថា លោកឯកអគ្គរដ្ឋទូត និងស្ថានទូតឡាវប្រចាំ កម្ពុជា មានកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អជាមួយនឹងថ្នាក់ដឹកនាំ មន្រ្តីគ្រប់លំដាប់ថ្នាក់ ក្រសួង ស្ថាប័ន អាជ្ញាធរ ខេត្ត ក្រុង ជាពិសេសជាមួយនឹងប្រជាជនកម្ពុជា។

មុនពេលមានវិបត្តិជំងឺកូវីដ-១៩នេះ ថ្នាក់ដឹកនាំកំពូល ថ្នាក់ដឹកនាំជាន់ខ្ពស់ ថ្នាក់ដឹកនាំតាមក្រសួង មន្ទីរ និងប្រជាជន នៃប្រទេសទាំងពីរ តែងតែបានផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកជាបន្ត បន្ទាប់ ហើយប្រទេសទាំងពីរបាន គាំទ្រគ្នាទៅវិញទៅមកលើបញ្ហាជាច្រើន ក្នុងក្របខ័ណ្ឌកិច្ចសហ ប្រតិបតិ្តការតំបន់ និងអន្តរជាតិ។

សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណររគុណចំពោះ លោកឯកអគ្គរដ្ឋទូត និងស្ថានទូតឡាវ ដែល បានជួយបង្ក លក្ខណៈឱ្យព្រឹទ្ធសភាកម្ពុជា មានទំនាក់ទំនង និងសហប្រតិបត្តិការល្អជាមួយនឹង រដ្ឋសភាឡាវ។ ក្រុមមិត្តភាពព្រឹទ្ធ សភាកម្ពុជា និងក្រុមមិត្តភាពរដ្ឋសភាឡាវ បានធ្វើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាបានយ៉ាងល្អលើស កម្មភាពយ៉ាងច្រើន ដូចជាការផ្លាស់ប្តូរសិល្បៈ វប្បធម៌ និងសារលិខិតអបអរសាទរទៅវិញទៅមកក្នុងឱកាសបុណ្យ ជាតិនៃប្រទេសទាំងពីរ។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋសភាឡាវ ដែលបានចូលរួម និងគាំទ្រកិច្ចប្រជុំ ក្នុងក្របខណ្ឌភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ និងសន្និសីទលើកទី៨ នៃគណៈកម្មការការបរទេសនៃសភា កម្ពុជា-ឡាវ-វៀតណាម ដែលសភាកម្ពុជាធ្វើជាប្រធានដឹកនាំ។ សម្តេចមានជំនឿជឿជាក់ថា រដ្ឋសភាឡាវនឹងបន្តគាំទ្រ និងជ្រោមជ្រែងសភាកម្ពុជា ជាប្រធានប្តូរវេន នៃអន្តរសភាអាស៊ាន លើកទី៤៣ នៅឆ្នាំ២០២២ ខាងមុខនេះ។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការត្រៀមខ្លួន ដើម្បីធ្វើកិច្ចសហ ប្រតិបត្តិការដ៏ល្អជាមួយនឹងឯកអគ្គរាជទូតឡាវថ្មី និងស្ថានទូតសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំកម្ពុជា។

តាមរយៈលោកឯកអគ្គរដ្ឋទូត សម្តេចបានផ្តាំផ្ញើការសួរសុខទុក្ខជូនចំពោះថ្នាក់ដឹកនាំកំពូល ថ្នាក់ ដឹកនាំជាន់ខ្ពស់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រកបដោយសេចក្តីគោរពរាប់អាន និងនឹករលឹកដ៏ជ្រាលជ្រៅ។

សម្តេចប្រធានព្រឹទ្ធសភាបានប្រសិទ្ធពរឱ្យចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាង ព្រះរាជាណាចក្រ កម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវឋិតថេរចីរកាល៕