(ភ្នំពេញ)៖ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ក្រសួង នឹងមិនបន្ធូរបន្ថយ ចំពោះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅឆ្នាំនេះនោះទេ ទាំងកម្រិតការដាក់វិញ្ញាសារ និងការរិតបន្តឹងវិន័យ បើទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបណ្តាលឱ្យបិទសាលាមួយរយៈក៏ដោយ។
ឯកឧត្តម គូសបញ្ជាក់ថា ការរៀបចំការប្រឡងទៅតាមស្តង់ដារ នៃការប្រឡងសញ្ញបត្រធម្យមសិក្សា ទុតិយភូមិនេះ គឺដើម្បីធ្វើឱ្យសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅកម្ពុជា នៅតែមានតម្លៃ និងមាន គុណភាព ទោះបីជាប្រឡងនៅពេលណាក៏ដោយ។
លោកបានលើកឡើងបែបនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី ដំណើរការរៀបចំការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២៧ ធ្នូ ២០២១ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នេះ នៅក្រសួងអប់រំ យុវជន និងកីឡា។
ឯកឧត្តម បានបញ្ជាក់យ៉ាងច្នេះថា «ជារួមយើង មិនចង់ឱ្យសិស្សហ្នឹងមានការរើសអើងថាការប្រឡង ពេលកូវីដវាមិនដល់ស្តង់ដារនឹងធ្វើឱ្យសិស្សបាក់មុខ សិស្សខ្លះគាត់រៀនពូកែ ចឹងមិនចង់មានឱ្យមាន ពាក្យថាសញ្ញាបត្រកូវីដទេ ចង់ឱ្យសញ្ញាបត្រហ្នឹងមានគុណភាពដូចគ្នា ដូច្នេះ យើងយកវិធីសាស្រ្ត មួយទៀត គឺគាំទ្រសិស្សនៅពេលរៀនវិញ លើកទឹកចិត្តឱ្យគាត់រៀន ផ្តល់សង្ខេបមេរៀនជូនគាត់ ផ្តល់ឯកសារជូនគាត់ឱ្យបានគ្រប់គ្រាន់ ហើយដើម្បីរក្សានូវស្តង់ដារមួយ ដើម្បីឱ្យសិស្សយកចំណេះ វិជ្ជាហ្នឹងទៅប្រើប្រាស់ក្នុងជីវិតជាក់ស្តែង។ ក្រសួងក៏បានថ្លឹងថ្លែងដែរ គឺមិនចង់ឱ្យមានស្តង់ដារ ពីរ បីនៅក្នុងការប្រឡង» ។
ឯកឧត្តម ហង់ ជួនណារ៉ុន ទទួលស្គាល់ថា ការសិក្សារបស់សិស្សនៅក្នុងអំឡុងពេលនៃការរីករាល ដាលនៃជំងឺកូវីដ១៩ឆ្នាំនេះ មិនបានពេញលេញ ប៉ុន្តែក្រសួងបានទុកពេលវេលាឱ្យសិស្សបានរៀន គ្រប់គ្រាន់ហើយ សម្រាប់ការរៀនសូត្រ នៅពេលបើកសាលាឡើងវិញ។
ហង់ ជួនណារ៉ុន លើកឡើងថា ចាប់តាំងពីមានការបិទសាសារៀនបណ្តោះអាសន្នមក ក្រសួងបាន ជំរុញឱ្យគ្រូផ្តោតការយកចិត្តទុកដាក់ទៅលើសិស្សថ្នាក់ទី៩ និងទី១២ ដោយមានរៀបចំជាមេរៀន សង្ខេបឱ្យសិស្ស ទៅលើមុខវិជ្ជាសំខាន់សម្រាប់ការប្រឡង។ ជាមួយគ្នានេះ នៅពេលមានការបើក សាលាឡើង ក្រសួងក៏តម្រូវឱ្យគណៈគ្រប់គ្រងសាលាវាយតម្លៃលើសមត្ថភាពសិស្ស និងត្រូវ បង្រៀនផ្តោតទៅលើកន្លែងដែលសិស្សខ្សោយជាដើម។
បន្ទាប់ពីសាសារដ្ឋនិងឯកជនបើកដំណើរការឡើងវិញកាលពីខែកញ្ញា ក្រសួងបានផ្តល់ឱកាសឱ្យ សិស្សចំនួន៤ខែ ដើម្បីរៀនបន្ថែមសម្រាប់ត្រៀមប្រឡង ដែលធ្វើឱ្យការប្រឡងត្រូវរៀបចំនៅចុងឆ្នាំ វិញ ពោលគឺនៅ ២៧ ធ្នូ ២០២១។
ក្រៅពីការមិនបន្ធូបន្ថយទៅលើការចេញវិញ្ញាសារ លោករដ្ឋមន្រ្តី ក៏បញ្ជាក់ពីការរិតបន្តឹងក្នុងពេល ប្រឡើងមិនខុសពីឆ្នាំមុនៗផងដែរ។ លោកបញ្ជាក់ថា បេក្ខជនប្រឡង ត្រូវតែគោរពទៅតាមបទ បញ្ញត្តិដែលក្រសួងបានកំណត់ ក្នុងនោះមិនត្រូវយកនូវសំណៅឯកសារផ្សេងៗ ឬទូរសព្ទដៃ ឬឧបករ អេឡិចត្រូនិច មកជាមួយក្នុងពេលប្រឡងនោះទេ។ ប្រសិនបើរកឃើញថា បេក្ខជនណាម្នាក់លួច ចម្លងលើវិញ្ញាសារណាមួយ នឹងត្រូវបានពិន្ទុសូន្យ ដូច្នេះនៅពេលដែលបេក្ខជនណាម្នាក់បានពិន្ទុ សូន្យលើវិញ្ញាសារណាមួយនឹងធ្លាក់ដោយស្វ័យប្រវត្តិតែម្តង។
ហង់ ជួនណារ៉ុន បន្តថា «យើងបានឱ្យនិយមន័យថាតើលួចចម្លងរបៀបមិច មានន័យ បើយើងឆេក ទៅឃើញសរសេរដូចគ្នាជាដើម ឬក៏អើតមើលរបស់គេជាដើម ហើយកម្រិតវិន័យទី២ គឺប្រសិនបើ គាត់ដើរចុះដើរឡើងពីកន្លែងខ្លួន ដោយគ្មានការអនុញ្ញាត ឱ្យសន្លឹកកិច្ចការឱ្យអ្នកដទៃ ឬក៏បោះ ប្រធានវិញ្ញាសារចេញក្រៅបង្អួចអីជាដើម ដណ្តើមសន្លឹកកិច្ចការ ឬមួយប្រមូលលុយអីជាដើម នៅពេលនោះក៏ឱ្យធ្លាក់ដែរ ហើយជាពិសេសអ្នកដែលឱ្យគេប្រឡងជំនួស គឺឱ្យធ្លាក់ដោយស្វ័យប្រវត្តិ ហើយមិនឱ្យប្រឡងក្នុងរយៈពេល២ឆ្នាំ»។
ចំណែកមន្រ្តីអប់រំដែលធ្វើខុសវិន័យដូចជា ប្រមូលលុយពីសិស្ស និងផ្តល់ចម្លើយឱ្យសិស្សនោះ ត្រូវដាក់ទោសទណ្ឌតាមការកំណត់របស់ក្រសួង ហើយប្រសិនបើប្រព្រឹត្តកំហុសធ្ងន់ធ្ងរនោះ នឹងឈានដល់ការបណ្តេញចេញពីការងារផងដែរ។
ហង់ ជួនណារ៉ុន ហង់ ជួនណារ៉ុន បានឱ្យដឹងទៀតថា សម្រាប់ការប្រឡើងឆ្នាំនេះ ក្រសួងបានដាក់ ពង្រាយមន្រ្តីអប់រំដែលជាគណៈកម្មការប្រមាណ៣ម៉ឺននាក់ (ដោយមិនរាប់បញ្ចូលមន្រ្តីកង រាជអាវុធ ហត្ថនោះទេ) ដែលក្នុងមួយបន្ទប់មានអនុរក្សចំនួន២នាក់ ដើម្បីពិនិត្យមើលដំណើរការប្រឡងនៅក្នុង បន្ទប់ប្រឡង៕