រដ្ឋមន្ត្រីក្រសួងអប់រំ អំពាវនាវដល់ម្ចាស់ផ្ទះសំណាក់ និងកន្លែងលក់ម្ហូបអាហារ សូមកុំដំឡើងថ្លៃ​នៅថ្ងៃប្រឡងបាក់ឌុប


 (ភ្នំពេញ)៖ នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ស្ដីពីដំណើរការរៀបចំ ការ​ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ២៧ ធ្នូ ២០២១ ឯកឧត្តម បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានបន្តអំពាវនាវដល់ ម្ចាស់ផ្ទះសំណាក់ និងកន្លែងលក់ម្ហូបអាហារទូទាំងរាជធានីខេត្ត សូមកុំដំឡើងថ្លៃ ដើម្បីជួយបង្ក លក្ខណៈងាយស្រួល ដល់បេក្ខជនប្រឡង។

ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងដូច្នេះថា «ខ្ញុំសូមអំពាវនាវដល់ផ្ទះសំណាក់ ដល់កន្លែងលក់ម្ហូបអាហារជាដើម សូមបង្កលក្ខណៈងាយស្រួល ដល់បេក្ខជនរបស់យើង ដល់លោកគ្រូ អ្នកគ្រូ ដែលមកបំរើការងារនៃការប្រឡងនេះ ដោយសារតែនៅក្នុងបរិបទកូវីដនេះ យើងត្រូវតែមានស្មារតីជួយគ្នាទៅវិញទៅមក»

ឯកឧត្តម រដ្ឋមន្ត្រីបានបន្ថែមថា បើកន្លែងណាដែលមានសប្បុរជន អាចជួយផ្តល់នូវការឧបត្ថម្ភគាំ ទ្របាន សូមអំពាវនាវដល់សប្បុរសជន ជួយឧបត្ថម្ភគាំទ្រដល់បេក្ខជន ដល់លោកគ្រូ អ្នកគ្រូ ទាំង អស់ដែលត្រូវបំពេញការងារ ក៏ដូចជាសិស្សានុសិស្ស ដែលមកប្រឡងនៅតាមទីរួមខេត្ត ក៏ដូចជា នៅរាជធានីភ្នំពេញ ដើម្បីបង្ហាញពីស្មារតីជួយគ្នាទៅវិញទៅមក ស្រលាញ់គ្នាទៅវិញទៅមក នៅក្នុង ស្មារតីស្នេហាជាតិ នៅក្នុងបរិបទកូវីដ១៩នេះ។

បន្ថែមពីនេះ ឯកឧត្តម រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានបញ្ជាក់ទៀតថា ក្នុងពេលកន្លងទៅនេះ អាជ្ញាធរ ខេត្តមួយចំនួន ក៏ដូចជាសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានប្រកាសផ្តល់នូវការគាំទ្រដល់ បេក្ខជន ដែលនឹងត្រូវប្រមូលផ្តុំនៅតាមមណ្ឌលប្រឡងតាមរាជធានីខេត្ត ដោយនៅតាមខេត្តខ្លះ ក្រសួងក៏បានអនុញ្ញាតឱ្យរៀបចំប្រឡងនៅតាមស្រុក ដើម្បីសម្រួលដល់បេក្ខជន ជួយគាំទ្រដល់ ការប្រឡងដូចជា ការផ្ញើកង់ ការស្នាក់នៅ ហើយខេត្តខ្លះក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តនីមួយៗ ក៏បានជួយឧបត្ថម្ភដល់បេក្ខជន ដើម្បីឱ្យបេក្ខជនមានលទ្ធភាពក្នុងការស្នាក់នៅទទួលទានអាហារ ដើម្បីសុវត្ថិភាពផងដែរ។

បើតាម ឯកឧត្តម រដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន កាលបរិច្ឆេទសំខាន់ៗ នៃការប្រឡងឆ្នាំ២០២១នេះរួម មាន៖ ដំណើរការសំណេរនឹងប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២៧-២៨ ខែធ្នូ ឆ្នាំ២០២១, ដំណើរការកំណែនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ ២០២២, ដំណើរការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀង ផ្ទាត់ពិន្ទុ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២, ក្រសួងកំណត់យកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ពេលរសៀល សម្រាប់ប្រកាសលទ្ធផលប្រឡង នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ សម្រាប់ខេត្តផ្សេងៗ ។

ឯកឧត្តម រដ្ឋមន្ដ្រីបានឲ្យដឹងផងដែរថា ក្នុងឆ្នាំសិក្សា ២០២០-២០២១ បេក្ខជនចុះឈ្មោះប្រឡង បាក់ឌុបសរុប ១១៤ ១៨៣នាក់ ស្រី៦០ ៣៩៧នាក់។ បេក្ខជនត្រូវបានរៀបចំ ចំនួន២៥នាក់ ក្នុងមួយបន្ទប់ លើកលែងតែបន្ទប់ចុងក្រោយ និងបន្ទប់ដែលមានបេក្ខជនមកពីវិទ្យាល័យអប់រំ ពិសេស។ ដោយឡែក មណ្ឌលសំណេរមានចំនួនសរុប ២០៤ មណ្ឌល ត្រូវជា ៤ ៦១៦ បន្ទប់។ មណ្ឌលកំណែសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មានចំនួន ១០មណ្ឌល នៅរាជធានីភ្នំពេញ៕