(បាត់ដំបង)៖ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការព្រួយបារម្ភកាន់តែខ្លាំងចំពោះការសាយភាយ គ្រឿងញៀននៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីឧក្រិដ្ឋជនបានយកកម្ពុជា ធ្វើជាទីតាំងកែច្នៃ និងផលិត គ្រឿងញៀន ហើយនាំចេញទៅក្រៅប្រទេស។
ការព្រួយបារម្ភបានកើតមានឡើង បន្ទាប់កម្លាំងនគរបាលកម្ពុជា បង្ក្រាបទីតាំងលួចកែច្នៃគ្រឿង ញៀនដ៏ធំមួយកន្លែង នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ។ ការបង្ក្រាបកន្លែងកែច្នៃគ្រឿងញៀនដ៏ធំនោះ សមត្ថកិច្ចរឹបអូសបានគ្រឿងញៀនកែច្នៃរួច បម្រុងនាំ ចេញទៅក្រៅប្រទេសជាង ២តោន។
ក្នុងពិធីសម្ពោដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលទទួលពលករនៅព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង នាព្រឹកថ្ងៃចន្ទ ទី២០ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង បានបង្ហាញ នូវការព្រួយបារម្ភលើបញ្ហាគ្រឿងញៀននេះយ៉ាងដូច្នេះ «បញ្ហាគ្រឿងញៀន និន្នាការនៃការចរាចរណ៍ គ្រឿងញៀននៅលើពិភពលោក ក៏ដូចជាក្នុងតំបន់ អនុតំបន់ មិនមានថមថយទេ ជាពិសេសគឺគ្រឿង ញៀនសំយោគ ដែលគ្រឿងញៀនសំយោគនេះ ជាប្រភេទសារធាតុញៀន ដែលគេផ្សំឡើងដោយ សារធាតុគីមីផ្សេងៗ ដែលពិបាកក្នុងការត្រួតពិនិត្យ។ យើងទើបចាប់បានប្រមាណ ២តោនជាង នៅ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលនេះគឺជាបញ្ហា។ […] ពីមុនប្រទេសកម្ពុជា គ្រាន់តែឆ្លងកាត់ ឥលូវវា មិនមែនឆ្លងកាត់វាទៅជាផលិតផង។ ខ្ញុំមានការបារម្ភណាស់ ប្រសិនបើយើងមិនរួមគ្នា មិនគាំទ្រគ្នាក្នុង ការប្រយុទ្ធប្រឆាំងគ្រឿងញៀន យើងត្រូវតែឯកភាពគ្នាគាំទ្រ ព្រោះនេះជាបញ្ហាធំណាស់សម្រាប់ ជាតិ»។ ឆ្លើយតបនឹងការវិវឌ្ឍថ្មីរបស់ក្រុមឧក្រិដ្ឋជនគ្រឿងញៀន ដោយយកប្រទេសកម្ពុជាធ្វើជា កន្លែងកែច្នៃគ្រឿងញៀន ក្រោមរូបភាពរោងចក្រកែច្នៃជី ឬផលិតផលកសិកម្មផ្សេងៗនោះ សម្តេចក្រ ឡាហោម ស ខេង បានឱ្យដឹងថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ដ្រីនាពេលកន្លងទៅ សម្តេចបានស្នើឱ្យក្រ សួងស្ថាប័ន ដែលជាអ្នកមានសិទ្ធិចេញអាជ្ញាប័ណ្ណ ត្រូវចូលរួមសហការ ឬធ្វើជាប្រធានតែម្ដង នៅ ពេលចុះបង្ក្រាបទីតាំង ដែលមានការសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀន។
សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា «គ្រឿងញៀនសំយោគនេះ មានផលពិបាកក្នុងការ គ្រប់គ្រងដោយសារវាផ្សំចេញពីសារធាតុគីមី ហើយពួកឧក្រិដ្ឋជន នាំចូលសារធាតុផ្សំនោះបន្ដិចៗ ក្រោមរូបភាពកែច្នៃជាជីកសិកម្មជាដើម លុះនៅពេលនាំចូលគ្រប់មុខ បែរជាមិនផលិតជី ទៅជា ផលិតគ្រឿងញៀនវិញ។ ជាក់ស្ដែងដូចការបង្ក្រាបនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ រកឃើញសារធាតុផ្សំ ជាង៨០តោន»។
សម្ដេចក្រឡាហោម ស ខេង ដែលមានតួនាទីជា ប្រធានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែរនោះ បានសង្កត់ធ្ងន់ថា ប្រសិនបើមិនមានការចូលរួមគាំទ្រ សហការ ឬឯកភាពគ្នាដើម្បីប្រយុទ្ធ ប្រឆាំងបទល្មើសគ្រឿងញៀនទេនោះ វានឹងក្លាយជាបញ្ហាធំណាស់សម្រាប់ជាតិ ក្រៅពីការខូចកិត្យា នុភាពនៅលើឆាកអន្ដរជាតិ គឺប៉ះពាល់ដល់ធនធានមនុស្សរបស់កម្ពុជាតែម្ដង នៅពេលគ្រឿងញៀន កាន់តែរីកសាយភាយ។
បើតាមសម្ដេចក្រឡាហោម ស ខេង ពិតណាស់ កម្ពុជាមិនចង់ឱ្យបញ្ហាគ្រឿងញៀននេះ កាន់តែ រីកសាយភាយ រហូតហួសពេលដូចនៅបណ្ដាប្រទេសមួយចំនួន ដែលឈានដល់ការសម្លាប់ចោល ក្រុមឧក្រិដ្ឋជនគ្រឿងញៀននោះទេ។ សម្ដេចចាត់ទុកថា ការសម្លាប់ក្រុមឧក្រិដ្ឋជនគ្រឿងញៀននោះ គឺជាជម្រើសចុងក្រោយ ប៉ុន្ដែមិនមែនមានន័យថា សម្ដេចគាំទ្រឲ្យមានការសម្លាប់ ដែលសម្ដេចចង់ មានន័យថា មិនត្រូវទុកឲ្យកម្ពុជាធ្លាក់ចូលស្ថានការណ៍បែបនោះឡើយ។
សម្ដេចក្រឡាហោម ស ខេង បានអះអាងដែរថា បច្ចុប្បន្នអ្នកជាប់ឃុំនៅតាមមណ្ឌលអប់រំកែប្រែ នៅទូទាំងប្រទេសមានប្រមាណ ៣៨,០០០នាក់ ក្នុងនោះមាន ៥១ភាគរយ ជាអ្នកទោស គ្រឿងញៀន៕