(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែង បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជាគោលការណ៍ប្រកប ដោយការប្តេជ្ញាចិត្តខ្ពស់ ក្នុងការ លុបបំបាត់ជំងឺអេដស៍ តាមរយៈការកំណត់យ៉ាងច្បាស់ លាស់ នូវគោលដៅសូន្យបី គឺ «គ្មានការឆ្លង មេរោគអេដស៍ថ្មី», «គ្មានការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍» និង «គ្មានការស្លាប់ដោយសារជំងឺ អេដស៍» នៅត្រឹមឆ្នាំ២០២៥។
ដើម្បីសម្រេចបាននូវគោលដៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវ ជាឱឡារិកដល់គ្រប់មជ្ឈដ្ឋាន ឲ្យរួមគ្នាជាចរន្តជាតិមួយដ៏ខ្លាំងក្លា ដែលនេះជាការប្តេជ្ញាចិត្តមួយដ៏ រឹងមាំ និងជាកត្តាអនុគ្រោះចាំបាច់ ប្រកបដោយប្រសិទ្ធភាពខ្ពស់រួចទៅហើយ។ ក្នុងន័យនេះ យើង បន្តជំរុញការចូលរួមជា ពហុវិស័យឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ ពីគ្រប់ស្ថាប័នជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន និងបណ្តាញអ្នកផ្ទុកមេរោគអេដស៍ ដោយមាន ស្ថាប័នដឹកនាំ គ្រប់គ្រង និងសម្របសម្រួលតែមួយ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហើយជា ពិសេស ដោយមានផែនការយុទ្ធសាស្រ្តជាតិតែមួយ មានប្រព័ន្ធតាមដាន និងវាយតម្លៃជាតិតែមួយ។
ការថ្លែងបែបនេះរបស់ ឯកឧត្តម ទេសរដ្ឋមន្រ្តី អៀង មូលី គឺក្នុងឱកាសដែលលោកអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២១ នៅអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ និងតាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេងផ្ទាល់ (Zoom Meeting) នៅ ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ លោក អ្នកស្រីជា ប្រធាន និងតំណាងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន រាជធានី-ខេត្ត ដៃគូ អភិវឌ្ឍន៍ និងអង្គការជាតិ អន្តរជាតិ នៅបន្ទប់ប្រជុំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងតាមរយៈ ប្រព័ន្ធបញ្ជូនរូបភាព និងសម្លេងផ្ទាល់ (Zoom Meeting) ចំនួន ១៣៥នាក់ និងគណនី។
ក្នុងនោះនៅកន្លែងប្រារព្ធពិធី មានការចូលរួមពីលោក លោកស្រី ជាប្រធាន និងតំណាងគណៈ កម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រុមប្រឹក្សាជាតិគាំពារសង្គម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ អនុប្រធាន ទីប្រឹក្សា អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ ចំនួន ៣៥នាក់។
ឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែងបន្តទៀតថា កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅថ្ងៃនេះ គឺជាកិច្ចប្រជុំលើកទី២ ក្នុងឆ្នាំ២០២១ ដើម្បីពិនិត្យមើលរួមគ្នានូវវឌ្ឍនភាព សមិទ្ធផល និងប្រសិទ្ធភាពក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ សម្រាប់រយៈពេល៦ខែចុងក្រោយ ដែលបានកំណត់ ក្នុងសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពេញអង្គលើកទី១ និងធ្វើការពិភាក្សាលើចំណុចខ្វះខាតមួយចំនួន ដែលទាមទារនូវដំណោះស្រាយ តាមរយៈការចូលរួមរបស់លោក លោកស្រី នាងកញ្ញាដែលមានវត្ត មានក្នុងពេលនេះ។ តាមរបៀបវារៈ យើងនឹងមានបទបង្ហាញចំនួនពីរ បទបង្ហាញទី១ ស្តីពី «ប្រព័ន្ធ ត្រួតពិនិត្យការអនុវត្តលិខិតលេខ២១៣សជណ.សស ស្តីពីវិធានការទាក់ទងនឹងការឆ្លើយតបនឹង មេរោគអេដស៍ និងជំងឺ អេដស៍» ដែលរៀបចំដោយក្រុមប្រឹក្សាបច្ចេកទេស អាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ និងបង្ហាញជូនដោយលោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការ និងជាប្រធានក្រុម ប្រឹក្សាបច្ចេកទេស ដើម្បីដាក់ឱ្យផ្សព្វផ្សាយ និងអនុវត្តនូវប្រព័ន្ធត្រួតពិនិត្យការអនុវត្តលិខិតលេខ ២១៣ស.ជ.ណ.សស ស្តីពីវិធានការទាក់ទងនឹងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ សម្រាប់ជាឧបករណ៍នៃការជំរុញតាមដានការ អនុវត្តន៍ សជណ ២១៣ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។ បទបង្ហាញទី២ ស្តីពី «បញ្ចប់វិសមភាព បញ្ចប់អេដស៍ បញ្ចប់ជំងឺឆ្លងរាតត្បាត សកល» ដែលនឹងបង្ហាញជូនដោយលោកវេជ្ជបណ្ឌិត ទា ផលា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹង ជំងឺអេដស៍ ហើយជាចុងក្រោយ យើងនឹងធ្វើការអនុម័តទៅលើសេចក្តីសម្រេចចិត្ត កិច្ចប្រជុំពេញអង្គ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លើកទី២ ឆ្នាំ២០២១នេះផងដែរ។
ដោយសារតែការគំរាមកំហែងជាបន្តពីការឆ្លង រាតត្បាតនៃកូវីដ-១៩។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមសូមអំពាវនាវឱ្យ បន្តការប្រុងប្រយ័ត្ន ជាប់ជានិច្ច និងចូលរួមទប់ស្កាត់ការចម្លងទាំងអស់គ្នា ដោយ អនុវត្តឲ្យបានម៉ឺងម៉ាត់ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងបន្តអនុវត្តនូវវិធានបង្ការផ្សេងៗ ដាក់ចេញដោយក្រសួងសុខាភិបាល៕