សម្តេចតេជោ ហ៊ុន សែន ប្រាប់រដ្ឋមន្ត្រីការបរទេសថៃថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន ពេលកម្ពុជាធ្វើប្រធានអាស៊ាន


 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងទៅកាន់លោក ដន ប្រាម៉ាត់ វីណៃ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសថៃថា នៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ខាងមុខនេះ កម្ពុជា នឹងប្រឹងប្រែងពង្រឹងមិត្តភាព សាមគ្គីភាព និងជំរុញកិច្ចសហប្រតិបត្តិ ការរវាងប្រទេសអាស៊ានឱ្យកាន់តែល្អប្រសើរ។

ការគូសបញ្ជាក់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់រដ្ឋមន្ត្រីបរទេសថៃ គឺបានធ្វើឡើង នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នាព្រឹកថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ។ លោក ដន ប្រាម៉ាត់វីណៃ កំពុងនឹងបំពេញទស្សនកិច្ចនៅកម្ពុជា ក៏ដូចជាចូលរួម កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា និងថៃ លើកទី១១។

នៅព្រឹកថ្ងៃទី១៧ ខែធ្នូ លោករដ្ឋមន្ត្រីការបរទេសថៃ ក៏បានអញ្ជើញចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន។ បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រាប់អ្នកព័ត៌មានឱ្យដឹងថា ក្នុងជំនួបនេះលោករដ្ឋមន្ត្រីការ បរទេស បានជម្រាបសួរសម្តេចតេជោ ហ៊ុន សែន លើការងារអាទិភាពដែលកម្ពុជានឹងត្រូវបំពេញ ពេលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២។

តបនឹងការចង់ដឹងរបស់រដ្ឋមន្ត្រីការបរទេសថៃនេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាន គូសបញ្ជាក់ថា ការងារអាទិភាពដែលកម្ពុជា នឹងប្រឹងប្រែងដោះស្រាយនោះរួមមាន៖ ការប្រយុទ្ធ ប្រឆាំងជំងឺកូវីដ១៩ ធ្វើយ៉ាងណាបើកសេដ្ឋកិច្ច សង្គមកិច្ច និងតភ្ជាប់រវាងប្រជាជន និងប្រជាជន នៅអាស៊ាន។ បន្ថែមពីលើនោះ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជា ក៏នឹងប្រឹងប្រែងពង្រឹងមិត្តភាព សាមគ្គីភាព និងជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសអាស៊ានផងដែរ។

ក្រៅតែពីបញ្ហារបស់អាស៊ានហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដែនសមុទ្ររវាងប្រទេសចិន និងប្រទេសសមាជិកអាស៊ានផងដែរ។ ពាក់ព័ន្ធជម្លោះដែនសមុទ្រនេះ សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជា នឹងជំរុញការ អនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមសេចក្តីថ្លែងការណ៍ស្តីពីដំណោះស្រាយលើជម្លោះដែនសមុទ្រចិនខាងត្បូង (DOC) ដែលដាក់ចេញពេលកម្ពុជាជាម្ចាស់ផ្ទះអាស៊ានកាលពីឆ្នាំ២០០២។

បន្ថែមពីលើនោះ កម្ពុជា ក៏នឹងជំរុញឱ្យប្រទេសជាប់ពាក់ព័ន្ធទាំងអស់ចរចាគ្នា ហើយក៏នឹងប្រឹងប្រែង សម្រេចឱ្យបាននូវការកសាងក្រមប្រតិបត្តិនៅសមុទ្រមានជម្លោះ ដែលហៅកាត់ថា COC ឱ្យបានផង ដែរ។

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការសណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» របស់ក្រុមហ៊ុនជីបម៉ុង កាលពីថ្ងៃទី១៥ ខែធ្នូ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដាក់ចេញការងារអាទិ ភាពមួយពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ាន គឺការនាំយកប្រទេសមីយ៉ាន់ម៉ា មកកាន់វេទិការបស់ អាស៊ានឡើងវិញ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញជំហរក្នុងការប្រឹងប្រែងដោះស្រាយវិវាទដែនសមុទ្ររវាងចិន និងប្រទេសសមាជិកអាស៊ានផងដែរ។ ប៉ុន្តែសម្តេចតេជោ បានប្រកាសព្រមានទុកជាមុន កុំឱ្យមាន ការស្តីបន្ទោសមកលើកម្ពុជា ក្នុងករណីមិនអាចដោះស្រាយបាននោះ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចមិនចង់ឱ្យមានការបោះ «ដុំថ្មក្តៅ» លើបញ្ហាដែនសមុទ្រនេះមកកម្ពុជា នោះឡើយ តែកម្ពុជាអាចទទួលយក «ដំឡូងក្តៅ» បាន៕