(រ៉ង់ហ្គូន)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១ បញ្ជាក់អោយដឹងថា អ្នកភូមិមីយ៉ាន់ម៉ារាប់រយនាក់ បានភៀសខ្លួនទៅកាន់ប្រទេសថៃ បន្ទាប់ពីកងទ័ពនៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានប៉ះទង្គិចគ្នាជាមួយក្រុមឧទ្ទាមជនជាតិភាគតិច។
ការប្រយុទ្ធគ្នារវាងក្រុមឧទ្ទាមជនជាតិភាគតិចសម្ព័ន្ធជាតិការ៉ែន (KNU) និងយោធាបានផ្ទុះឡើង កាលពីថ្ងៃពុធសប្តាហ៍នេះ នៅក្នុងទីក្រុង ឡាយ កាយ ករ (Lay Kay Kaw) ដែលស្ថិតនៅជិតព្រំ ដែនប្រទេសថៃ ដែលជាការប៉ះទង្គិចគ្នាលើកដំបូង ក្នុងរយៈពេលជាច្រើនខែមកនេះ។ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រូបថតពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមីយ៉ាន់ម៉ា បានបង្ហាញឱ្យឃើញ ពីមនុស្សរាប់សិបនាក់ បាននិងកំពុងតម្រង់ជួរដើម្បីឆ្លងទន្លេមួយ ដែលជាផ្នែកនៃព្រំដែនរវាងប្រទេស មីយ៉ាន់ម៉ា និងថៃ។
មន្ត្រីរដ្ឋាភិបាលថៃម្នាក់នៅក្នុងខេត្ត តាក (Tak) បានគូសបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា មនុស្សចំនួន ៧០០នាក់បានឆ្លងកាត់ព្រំដែន ហើយពួកគេនឹង ត្រូវផ្តល់អាហារ និងទីជម្រកដោយអាជ្ញាធរថៃ។
ជុំវិញស្ថានការណ៍ខាងលើនេះ លោកស្រី ណរ កានយ៉រ ផរ (Naw K’nyaw Paw) អគ្គលេខាធិការ នៃអង្គការស្ត្រី ការ៉ែន (Karen) បានលើកឡើងថា មនុស្សជាង ១,០០០នាក់ ត្រូវបានអនុញ្ញាតឱ្យ ឆ្លងកាត់ព្រំដែន បន្ទាប់ពីមេដឹកនាំសហគមន៍បានចរចាជាមួយអាជ្ញាធរថៃ៕