(ព្រះសីហនុ)៖ អាជ្ញាធរខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ បានជូនដំណឹងឲ្យចាកចេញ ពីទីតាំងដីគម្របព្រៃឈើ ដីព្រៃលិចទឹក ដីព្រៃកោងកាង ដីតំបន់អភិរក្សដី នៅស្ថានីយដាំឈើអូរថ្ម ដីឧទ្យានជាតិ ដីឧទ្យានជាតិសមុទ្រ របៀងអភិរក្សជីវចម្រុះ ដីតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែក ទឹកសាបក្បាលឆាយ និងដីកម្មសិទ្ធិឯកជន ក្នុងភូមិសាស្ត្រខេត្ត។
រដ្ឋបាលខេត្តព្រះសីហនុ បានជូនដំណឹងដល់ បុគ្គលពាក់ព័ន្ធរួមមាន៖ អ្នកផ្តើមគំនិត អ្នកសមគំនិត អ្នកប្រព្រឹត្ត និងអ្នកញុះញង់ ដែលបាននិងកំពុងរុករានទន្ទ្រានកាន់កាប់ កាប់ឆ្ការ ឈូសឆាយ ដុត ហ៊ុមព័ទ្ធ សាងសង់សំណង់មិនរៀបរយ ស្នាក់នៅ ដាំដំណាំផ្សេងៗនៅក្នុងដីគម្របព្រៃឈើ ដីព្រៃ លិចទឹក ដីព្រៃកោងកាង ដីតំបន់អភិរក្ស ដីនៅស្ថានីយដាំឈើអូរថ្ម ដីឧទ្យានជាតិ ដីឧទ្យានជាតិ សមុទ្រ របៀងអភិរក្សជីវចម្រុះ ដីតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ និងដីកម្ម សិទ្ធិឯកជន ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ថា សកម្មភាពទាំងអស់ខាងលើនេះ គឺជាបទ ល្មើសដែលមានចែងក្នុងក្រមរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ ច្បាប់ស្តីពីព្រៃឈើ ច្បាប់ស្តីពីជលផល ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងច្បាប់ភូមិបាល ដែលនៅជាធរមាន។
«ក្នុងន័យនេះ ដើម្បីជៀសវាងការប្រឈមទោសទណ្ឌតាមផ្លូវច្បាប់ រដ្ឋបាលខេត្តព្រះសីហនុ សូម អំពាវនាវ ជាថ្មីម្តងទៀតដល់បុគ្គលពាក់ព័ន្ធទាំងអស់ ត្រូវបញ្ឈប់រាល់សកម្មភាពទាំងឡាយដូចមាន រៀបរាប់ខាងលើ ដោយធ្វើការរុះរើសំណង់ និងការផ្សេងៗ ហើយចាកចេញពីទីតាំងដី រួចប្រគល់ជូន អាជ្ញាធរកាន់កាប់ដីរដ្ឋ និងម្ចាស់កម្មសិទ្ធិស្របច្បាប់»។ នេះបើតាមសេចក្តីជូនដំណឹងដដែល។
បុគ្គលពាក់ព័ន្ធទាំងឡាយណាដែលបានធ្វើសកម្មភាពដូចបានរៀបរាប់ខាងលើ នឹងត្រូវផ្តន្ទាទោស តាមមាត្រាច្បាប់ដូចខាងក្រោម៖
១៖ មាត្រា៩៧ និងមាត្រា ៩៨ នៃច្បាប់ស្តីពីព្រៃឈើ ជនណាដែលបានប្រព្រឹត្តបទល្មើសដូចជា៖ ក្លែងបន្លំលិខិតសាធារណៈដែលពាក់ព័ន្ធនឹងវិស័យព្រៃឈើ ឬសត្វព្រៃ បំផ្លាញ លាក់បាំង លក់ ឬលួចវត្ថុតាងព្រៃឈើ កំទេច ផ្លាស់ប្តូរ លុបបំបាត់ ឬធ្វើឱ្យខូចខាតដល់ព្រំសីមានៃតំបន់ព្រៃឈើ កាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុមព័ទ្ធកាន់កាប់ដីព្រៃ គៀវ បំពុល កាប់បំផ្លាញ ផ្ដួលរំលំដើមឈើ ឬគាស់រំលើងប្រមូលគល់ឈើ បង្កឱ្យភ្លើងឆេះព្រៃដោយចេតនា ត្រូវផ្តន្ទាទោសក្រោមបទល្មើស ព្រៃឈើថ្នាក់ទី១ ដែលត្រូវជាប់ពន្ធនាគារពី ០៥ (ប្រាំ)ឆ្នាំ ទៅ ១០(ដប់)ឆ្នាំ និងត្រូវរឹបអូសវត្ថុតាង ទាំងអស់មកជាសម្បត្តិរដ្ឋ។ ករណីជនប្រព្រឹត្តបទល្មើស មិនរាងចាល ត្រូវផ្តន្ទាទោសទ្វេដងនៃ ទោសខាងលើ។
២៖ មាត្រា ៩៨ នៃច្បាប់ស្តីពីជលផល បានចែងថា ត្រូវផ្តន្ទាទោសក្រោមបទល្មើសជលផលថ្នាក់ទី១ ដែលត្រូវដាក់ពន្ធនាគារពី ០៣(បី)ឆ្នាំ ទៅ ០៥(ប្រាំ)ឆ្នាំ និងវត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ឬបំផ្លាញចោល និងដកហូតកិច្ចព្រមព្រៀង ឬលិខិតអនុញ្ញាត ចំពោះជនណាដែលកាប់ឆ្ការគាស់រាន ឈូសឆាយព្រៃលិចទឹក និងព្រៃកោងកាង ឬហ៊ុមព័ទ្ធកាន់កាប់ព្រៃលិចទឹក និងព្រៃកោងកាង។ ចំពោះជនណាប្រព្រឹត្តបទល្មើសជលផលថ្នាក់ទី១ ចាប់ពី ០២(ពីរ)ដង ឡើងទៅ ត្រូវផ្តន្ទាទោស ទ្វេដង នៃបទល្មើសជលផលថ្នាក់ទី១ នៃមាត្រានេះ។
៣៖ មាត្រា ៥៦ និងមាត្រា៦២ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ បានចែងថា ជនដែលបានប្រព្រឹត្ត បទល្មើសណាមួយរួមមាន៖ កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើ ជាកម្មសិទ្ធិ ឬការយកថ្ម ក្រួស ខ្សាច់ រ៉ែ ការគាស់ឈូសឆាយ កកាយយកដី ឬចាក់លុប ឬចាក់ បំពេញដី ឬចាក់បំពេញដែនទឹក ដោយគ្មានការអនុញ្ញាត ត្រូវផ្តន្ទាទោសជាបទល្មើសធនធាន ធម្មជាតិថ្នាក់ទី៤ ដាក់ពន្ធនាគារពី ០៥ឆ្នាំ ទៅ១០ឆ្នាំ និង/ឬទោសពិន័យជាប្រាក់ពី ១៥លានរៀល ដល់១៥០លានរៀល។ ករណីបុគ្គលប្រព្រឹត្តល្មើសជានីតិបុគ្គល នោះទោសពិន័យជាប្រាក់ពី ១៥០ លានរៀល ទៅ ២៥០លានរៀល។
៤៖ មាត្រា ២៥៣ នៃច្បាប់ភូមិបាល បានចែងថា ជនណាដែលប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់ អចលនវត្ថុដោយសុចរិត ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១.៥០០.០០០ (មួយលានប្រាំសែន) រៀល ទៅ២៥.០០០.០០០ (ម្ភៃប្រាំលាន) រៀល ឬ/និងដាក់ពន្ធនាគារពី ០៦(ប្រាំមួយ)ខែ ទៅ ០២(ពីរ)ឆ្នាំ និងមាត្រា ២៥៩ នៃច្បាប់ភូមិបាល បានចែងថា ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥.០០០.០០០ (ប្រាំលាន)រៀល ទៅ ៥០.០០០.០០០ (ហាសិបលាន)រៀល ឬ/និងផ្តន្ទាទោសដាក់ពន្ធនាគារពី ០១(មួយ)ឆ្នាំ ទៅ ០៥(ប្រាំ)ឆ្នាំ។
សេចក្តីជូនដំណឹងបន្ថែមថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ និងគណៈបញ្ជាការឯក ភាពរដ្ឋបាលក្រុង/ស្រុក ត្រូវចុះពិនិត្យ និងមានវិធានការច្បាប់ ឱ្យបានម៉ឺងម៉ាត់បំផុតតាមខ្លឹមសារ លិខិតនេះ៕