(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសដែល ទទួលបាន គឺបានអោយដឹងថា តបតាមការអញ្ជើញរបស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា លោក ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសថៃ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា និងធ្វើជាសហ ប្រធាន ជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការចម្រុះ សម្រាប់ កិច្ចសហប្រតិបត្តិការទ្វេភាគី (JC) រវាងកម្ពុជា និងថៃ ពីថ្ងៃទី១៦ ដល់ ១៨ ខែធ្នូ ឆ្នាំ២០២១ នៅ រាជធានីភ្នំពេញ។
ក្រសួងការបរទេសបានឲ្យដឹងទៀតថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការនេះ លោកឧប នាយករដ្ឋមន្រ្តី ដន ប្រាម៉ាត់វីណៃ នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អំពីចំណងទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលជា កង្វល់រួមនាពេលបច្ចុប្បន្ន ក៏ដូចជាតួនាទីរបស់កម្ពុជាជាប្រធានអាស៊ាន ឆ្នាំ២០២២ ផងដែរ ។
ចំពោះកិច្ចប្រជុំគណៈកម្មការចម្រុះ (JC) លើកទី១១ ក្រោមមូលបទ «សន្តិភាព វិបុលភាព ស្តារឡើង វិញទាំងអស់គ្នា» លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសទាំងពីរ នឹងពិនិត្យឡើងវិញនូវ វឌ្ឍនភាពនៃការអនុវត្តកំណត់ហេតុកិច្ចប្រជុំ JC លើកទី១០ កាលពីឆ្នាំ២០១៦ និងពិភាក្សាលើទិដ្ឋ ភាពនានា នៃកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរ ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ក្នុងគោល បំណងបន្តពង្រឹង និងលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណាចក្រទាំងពីរ ដើម្បីការស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័ស ក្រោយពីវិបតិ្តកូវីដ-១៩។
ក្រោយពេលបញ្ចប់កិច្ចប្រជុំគណៈកម្មការចម្រុះ (JC) លើកទី១១ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការ បរទេសទាំងពីរ នឹងអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់-ទទួលជានិមិត្តរូបនូវឧបករណ៍ សម្រាប់ធ្វើតេស្ត RT-PCR និង SARS-CoV-2 ពីរាជរដ្ឋាភិបាលថៃ ប្រគល់ជូនមន្ទីរពេទ្យបង្អែក ប៉ោយប៉ែត និងមន្ទីរពេទ្យមង្គលបូរី នៃខេត្តបន្ទាយមានជ័យ និងបិទបញ្ចប់កម្មវិធីដោយការធ្វើ សន្និសីទសារព័ត៌មានរួមគ្នា៕