ក្រសួងធនធានទឹក បង្ហាញលទ្ធផល នៃការត្រួតពិនិត្យបង្គោល និងការបោះបង្គោលនៅក្នុងដែន ព្រៃលិចទឹកនៃតំបន់ទន្លេសាបជុំវិញខេត្តទាំង៦


 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្មីៗនេះ បានចេញបទបញ្ជា យ៉ាងម៉ឺងម៉ាត់មួយ ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ ស្កាត់ និងបង្រ្កាបជាបន្ទាន់ចំពោះ ការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប ជាពិសេសនៅខេត្តកំពង់ឆ្នាំងតែម្តង។សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានបញ្ជាទៅឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ឱ្យដឹកនាំកិច្ចប្រជុំក្រសួងស្ថាប័នពាក់ព័ន្ធនេះ ដើម្បីបែងចែកភារកិច្ច ក្នុងការចុះពិនិត្យ បង្ក្រាប និងរឹបអូសដីដែលបានកាប់ទន្ទាននោះមកវិញ។

បន្ទាប់ពីមានបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន, ឯកឧត្តមឧ បនាយករដ្ឋមន្រ្តី ជា សុផារ៉ា បាន ដឹកនាំក្រុមការងារជំនាញ និងអាជ្ញាធរថ្នាក់ក្រោមជាតិនៃខេត្តជុំវិញបឹងទន្លេចុះពិនិត្យភ្លាមៗ ពីស្ថាន ភាពដែនដីព្រៃលិចទឹក ដែលរងការកាប់ទន្ទ្រានពីសំណាក់ប្រជាពលរដ្ឋ និងក្រុមឈ្មួញមួយចំនួន រហូតទទួលបានលទ្ធផល ដោយអ្នកដែលបានកាន់កាប់ខុសច្បាប់ទាំងនោះ បានប្រគល់ដីជូនរដ្ឋវិញ ជាបន្តបន្ទាប់ផងដែរ។

ទន្ទឹមគ្នានេះ ឯកឧត្តមឧ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ក៏បានចេញសេចក្តីសម្រេចបែងចែកភារកិច្ច ជូនក្រសួងស្ថានប័ន និងអាជ្ញាធរជុំវិញបឹងទន្លេសាប ដើម្បីធ្វើការទប់ស្កាត់ និងបង្ក្រាបការកាប់ ទន្ទ្រានដីព្រៃលិចផងដែរ។ នៅក្នុងសេចក្តីសម្រេចនោះ លោកឧបនាយករដ្ឋមន្រ្តី ក៏បានប្រគល់ភារ កិច្ចជូនក្រសួងធនធានទឹក និងឧតុនិយម ទទួលដាំបង្គោលព្រំដែនព្រៃលិចទឹកដែលខ្វះ និងដែល បានដួលរំលំ និងដាក់ពាក្យសុំចុះបញ្ជីដីរដ្ឋ នូវដីព្រៃលិចតំបន់ទន្លេសាប។

ក្រោយទទួលភារកិច្ចនេះ ឯកឧត្តមឧ លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងជាប្រធានអាជ្ញា ធរទន្លេសាបបានចាត់ចែងក្រុមការងារភ្លាមៗតាមមុខព្រួញចុះអនុវត្តការងារនេះរហូតទទួលបានលទ្ធផលល្អប្រសើរ ដោយបានចុះពិនិត្យបង្គោលជិត៦០០ដើម និងបានដាំឡើងវិញជាច្រើនដើមផង ដែរ។ យោងរបាយការណ៍របស់ក្រសួងធនធានទឹក ដែលទទួលបាននៅល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២១ បានបញ្ជាក់ថា អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការត្រួតពិនិត្យ និងចាត់វិធាន ការបង្ក្រាបការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃ លិចទឹកនៃតំបន់ទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ, អាជ្ញាធរ ទន្លេសាប រួមជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តទាំង៦ ជុំវិញបឹងទន្លេសាប សហការជាមួយ អាជ្ញាធរមូលដ្ឋាន បានអនុវត្តការងារចុះពិនិត្យទីតាំងបង្គោលដែលដាំរួចរាល់ (តាមរយៈអនុក្រឹត្យ លេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០១១ របស់រាជរដ្ឋាភិបាល) ការងារតម្រង់ បង្គោលឡើងវិញ ការងារដាំបង្គោលថ្មីដែលបានបាត់ និងការលើកប៉ាណូ ផែនទីកំណត់តំបន់៣។

របាយការណ៍បានបញ្ជាក់ថា ការងារបានអនុវត្តចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ មកដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ បានសម្រេចដូចខាងក្រោម៖

*ទី១៖ បានចុះពិនិត្យទីតាំងបង្គោលបានចំនួន ៥៨៣ដើម លើ ៨០២ដើម (យោងអនុក្រឹត្យ លេខ១៩៧) ស្មើនឹង៦៧,១%។
*ទី២៖ ក្នុងចំណោមបង្គោលដែលបានចុះពិនិត្យចំនួន ៥១៧ដើម ក្រុមការងារបានលាបថ្នាំលើ ក្បាលបង្គោល លើកតម្រង់បង្គោល និងដាំបង្គោលថ្មីដូចខាងក្រោម៖

*បង្គោលនៅឈរត្រង់ល្អចំនួន ១៩៧ដើម
*បង្គោលលើកតម្រង់ចំនួន ១៥៤ដើម
*បង្គោលធ្វើថ្មីចំនួន ៣១ដើម
*រីឯបង្គោលចំនួន ១៥៦ទៀត ស្ថិតនៅក្នុងទឹកនៅឡើយ ក្រុមការងារនឹងរៀបចំនៅពេលទឹកស្រក ខាងមុខ។

*ទី៣៖ ការងារលើប៉ាណូផែនទីកំណត់តំបន់៣ សម្រេចបានចំនួន ០៥កន្លែង លើផែនការចំនួន ៥២កន្លែង៕