(ភ្នំពេញ)៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា អគ្គ នាយកដ្ឋានគយនឹងចាប់ផ្ដើមចុះបង្ក្រាប លើរថយន្ដអត់ពន្ធ ចាប់ពីខែមករា ឆ្នាំ២០២២ នៅរាជធានី ភ្នំពេញ និងខេត្តមួយចំនួន។ ការបញ្ជាក់យ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសដែលនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ បណ្ឌិត គុណ ញឹម អញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មាន ស្តីពី វឌ្ឍនភាពនៃ ការអនុវត្តការប្រមូលពន្ធនាំចូល លើយន្តយន្តគ្មានពន្ធ ដែលមានស្រាប់ តាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ។
ឯកឧត្តម បណ្ឌិត គុណ ញឹម បានបញ្ជាក់យ៉ាងដូច្នេះថា «ចាប់ពីខែមករា ឆ្នាំ២០២២ទៅ យើងនឹង ចាប់ចុះបង្ក្រាប ដែលជាឧបករណ៍មួយ ជំរុញដែលអ្នកមិនទាន់បានស្ម័គ្រចិត្ត ចូលមកបង់ពន្ធ។ ការបង្ក្រាបនេះ គឺបង្ក្រាបទាំងនៅរាជធានីភ្នំពេញ និងនៅតាមខេត្តមួយចំនួន»។
អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានលើកឡើងថា ការបង្ក្រាបទាំងនៅរាធានី ភ្នំពេញ និងនៅតាមខេត្តមួយចំនួននេះ គឺជាវិធានការមួយ ដើម្បីពញ្ញាក់ស្មារតីបន្ថែមទៀត ដល់អ្នក ដែលមានកាតព្វកិច្ច ដែលត្រូវចូលមកបង់ពន្ធ។
បន្ថែមពីនោះទៀតឯកឧត្តម បណ្ឌិត គុណ ញឹម បន្ដថា នៅពេលបង្ក្រាបបាន នឹងរងនូវពន្ធអាករ និងការផាកពិន័យ ប៉ុន្ដែបើស្ម័គ្រចិត្តចូលមកបង់ពន្ធ ចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ គឺផ្អាកពិន័យត្រឹមពន្ធអាករតែប៉ុណ្ណោះ។
ឯកឧត្តម បណ្ឌិត គុណ ញឹម បានលើកឡើងថា ការពន្យាពេលរយៈពេល៣ខែ ឬ៤ខែមកនេ គឺជា រយៈពេលមួយ ទុកឲ្យអ្នកដែលមានស្មារតី ក្នុងការបំពេញកាតព្វកិច្ចពន្ធ ស្របតាមច្បាប់ របស់ ប្រទេស ចូលខ្លួនមកដោយស្រួល ដោយមិនមានការបង្ខិតបង្ខំនោះទេ។
សូមបញ្ជាក់ថា អគ្គនាយកដ្ឋានគយ បានសម្រេចអនុគ្រោះបន្ធូរបន្ថយពន្ធ១០% និងផ្អាកសកម្មភាព បង្ក្រាបមួយរយៈ លើយានយន្តគ្មានពន្ធ ជ្រកក្រោមផ្លាកលេខផ្សេងៗ ដល់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១ ដើម្បីទុកពេលឲ្យម្ចាស់យានយន្ត រួសរាន់មកបំពេញកាតព្វកិច្ចពន្ធ និងអាករតាមច្បាប់ ជាធរមាន។ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលជា ថ្ងៃឱសានវាទចុងក្រោយ នៃការអនុញ្ញាតឲ្យចូលខ្លួនមកបង់ពន្ធ ម្ចាស់យានយន្តត្រូវបំពេញ ការតព្វកិច្ច ពន្ធ និងអាករពេញលេញ ដោយគ្មានការអនុគ្រោះបន្ធូរបន្ថយពន្ធឡើយ៕