(បាងកក)៖ កាសែតបាងកកប៉ុស្តិ៍បានអោយដឹងថា ប្រទេសថៃបានកំណត់ទិសដៅនាំចេញអង្ករ ចំនួនពី ៧ ទៅ ៧,៥លានតោននៅឆ្នាំក្រោយ ដែលកើនឡើងពីប្រហែល ៦លានតោននៅឆ្នាំនេះ ដោយសារមានទឹកគ្រប់គ្រាន់ និងការធ្លាក់ថ្លៃប្រាក់បាតធ្វើឱ្យអង្ករថៃមានការប្រកួតប្រជែងល្អ។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា លោក Charoen Laothammatas ប្រធានសមាគមក្រុម ហ៊ុននាំចេញថៃបានឱ្យដឹងថា ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ និងការធ្លាក់ចុះថ្លៃប្រាក់បាត ដែលបច្ចុប្បន្ន មានតម្លៃ ៣៣បាតក្នុងមួយដុល្លារ ត្រូវបានរំពឹងថានឹងជំរុញការនាំចេញអង្ករនៅឆ្នាំខាងមុខ។
ការថ្លែងរបស់លោក Charoen ធ្វើឡើងបន្ទាប់ពីលោកបានពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ក្រសួង ពាណិជ្ជកម្មថៃ។ការធ្លាក់ចុះថ្លៃប្រាក់បាតបានធ្វើឱ្យតម្លៃនាំចេញអង្ករថៃកាន់តែមានអំណោយផលក្នុងការប្រកួតប្រជែង ដោយតម្លៃនាំចេញគិតត្រឹមកំពង់ផែសម្រាប់អង្ករសប្រភេទបាក់ ៥% ថ្លៃ ៣៩០ ដុល្លាក្នុងមួយតោន ដែលទាប់ជាងអង្ករវៀតណាមដែលថ្លៃ ៤០៥ដុល្លារក្នុងមួយតោន។
ប៉ុន្តែលោក Charoen បានថ្លែងថា កង្វះខាតកុងតឺណ័រ និងកង្វះលំហរដឹកជញ្ជូនត្រូវបានរំពឹង ថានឹងនៅតែជាកត្តាហានិភ័យសំខាន់ៗ ដែលទំនងជានឹងបន្តកើតមានរហូតដល់ឆមាសទី១ ឆ្នាំ ២០២២។ លោកបានថ្លែងទៀតថា ប្រទេសថៃត្រូវបានរំពឹងថានឹងនាំចេញអង្ករបានពី ៦ ទៅ ៦,៣លានតោននៅឆ្នាំនេះ ដែលខ្ពស់ជាងឆ្នាំ២០២០បន្តិច ដែលបាននាំចេញចំនួន ៥,៧២លាន តោនក្នុងឆ្នាំ២០២១នេះ ប្រទេសថៃត្រូវបានព្យាករថានៅតែជាប្រទេសនាំចេញអង្ករបានច្រើនជាង គេទី៣ បន្ទាប់ពីឥណ្ឌា និងវៀតណាម។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕