ថ្ងៃនេះជា ខួប២៩ឆ្នាំ នៃការចុះបញ្ជីតំបន់រមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភព លោក របស់អង្គការយូណេស្កូ


 (ភ្នំពេញ)៖ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ ខួប២៩ឆ្នាំ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២១) នៃការចុះបញ្ជីតំបន់រមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

ប្រាសាទអង្គរ ត្រូវបានចុះបញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នាទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក ក្រោមព្រះរាជតម្រិៈដ៏ថ្លៃថ្លា និងឈ្លាសវៃនៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុត ដែលព្រះអង្គបានធ្វើការអំពាវនាវទៅកាន់អង្គការយូណេស្កូ សូមឲ្យជួយស្រោចស្រង់ការពារ ក្រុមប្រាសាទអង្គរ។

ក្រោយពីការដាក់បញ្ចូលតំបន់ រមណីយដ្ឋានអង្គរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក សន្និសីទអន្តរ ជាតិមួយបានប្រារព្ធធ្វើឡើងនៅទីក្រុងតូក្យូ ចាប់ពីថ្ងៃទី ១២-១៣ ខែតុលា ឆ្នាំ១៩៩៣ ក្រោមការ ផ្តួចផ្តើមគំនិតរបស់រាជរដ្ឋាភិបាលជប៉ុន ដោយមានការគាំទ្រពីប្រទេសបារាំង និងអង្គការយូណេស្កូ ដើម្បីដាក់ចេញនូវយុទ្ធសាស្រ្ត និងផែនការសកម្មភាពនានាជាប្រយោជន៍ ដល់កិច្ចការពារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ដើម្បីសម្រេចគោលដៅនេះ គណៈកម្មាធិការសម្របសម្រួលអន្តរ ជាតិ ហៅកាត់ថា អាយស៊ីស៊ី អង្គរ ត្រូវបានបង្កើតឡើងនាខែធ្នូ ឆ្នាំ១៩៩៣។

តំបន់ឧទ្យានអង្គរ មិនមែនសំដៅតែទៅលើប្រាសាទអង្គរវត្តតែមួយនោះទេ តែសំដៅលើរមណីយ ដ្ឋានអង្គរទាំងមូល ក្នុងនោះរួមបញ្ចូលទាំងប្រាសាទ បុរាណដ្ឋាន ស្ថានីយបុរាណវិទ្យា បរិស្ថាន និងសហគមន៍មនុស្សផងដែរ ដែលមានផ្ទៃក្រឡាសរុប៤០១គីឡូម៉ែត្រក្រឡា។

ប្រាសាទអង្គរ គ្រាន់តែជាផ្នែកមួយ ក្នុងចំណោមប្រាសាទជិត១០០ផ្សេងទៀត ដែលត្រូវបានចុះ ក្នុងបញ្ជីប៉ុណ្ណោះ។ ក្រៅពីការផ្ដល់នូវមោទនភាពដ៏ខ្ពង់ខ្ពស់ដល់ជនជាតិខ្មែរ ប្រាសាទអង្គរវត្តក៏បាន ចូលរួមចំណែកយ៉ាងច្រើន ក្នុងការបង្កើនប្រាក់ចំណូល និងជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈកេរ្តិ៍ ឈ្មោះល្បីល្បាញ ដែលបានទាក់ទាញភ្ញៀវទេសចរ ទាំងជាតិ និងអន្តរជាតិ ចូលមកទស្សនាជាច្រើន សន្ធឹកសន្ធាប់ជារៀងរាល់ថ្ងៃ៕